(ហ្គីណេ)៖ មនុស្សយ៉ាងហោច ៤នាក់ បានស្លាប់ ដោយសារជំងឺអេបូឡា (Ebola) នៅក្នុងប្រទេសហ្គីណេ ដែលនេះជាករណីស្លាប់ នៃជំងឺដ៏កាចសាហាវនេះ ជាលើក ដំបូងបំផុត ក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ ចាប់តាំងពីឆ្នាំ២០១៦មក។ នេះបើតាមរដ្ឋមន្ត្រីសុខាភិបាលហ្គីណេ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២១។

ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង AFP រដ្ឋមន្ត្រីសុខាភិបាលហ្គីណេ លោក រ៉េមី ឡាម៉ាស់ (Remy Lamah) បាននិយាយថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងពីអ្នកស្លាប់ដោយសារអេបូឡា ចាប់តាំងពីជំងឺមួយនេះឆ្លងរាតត្បាតដំបូងពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៦ ដែលបានផ្ដាច់ជីវិតមនុស្ស ១១,៣០០នាក់ នៅទូទាំងតំបន់អាហ្រ្វិកខាងលិច។

គួរបញ្ជាក់ថា បើតាមក្រសួងសុខាភិបាលហ្គីណេ ក្នុងចំណោមអ្នកដែលស្លាប់ដោយជំងឺអេបូឡា ទាំង៤នាក់ខាងលើ មានម្នាក់គឺជាគិលានុដ្ឋាយិកាម្នាក់ ដែលបានធ្លាក់ខ្លួន ឈឺ និងស្លាប់ កាលពីចុងខែមករា កន្លងទៅ ហើយត្រូវបានបញ្ចុះកាលពីថ្ងៃទី០១ ខែកុម្ភៈកន្លងទៅនេះ។ ក៏ប៉ុន្តែ ក្រោយមកទៀត នៅក្នុងចំណោមអ្នកដែលបានចូលរួម ពិធីបញ្ចុះសព មាន ៣នាក់បានឆ្លង និងស្លាប់ដោយសារជំងឺអេបូឡា ខណៈ៤នាក់ទៀត កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ៕