(បាងកក)៖ ក្រុមបាតុករថៃបានជួបប្រជុំគ្នា ជាលក្ខណៈទ្រង់ទ្រាយធំតែម្តង នៅថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈនេះ ដោយបានយកក្រណាត់ដ៏ធំ ទៅរុំព័ន្ធពីលើវិមានប្រជាធិបតេយ្យ ដើម្បីបង្ហាញការទាមទារឲ្យលុបចោល ច្បាប់ដាក់ទោសធ្ងន់ធ្ងរ ចំពោះអ្នកប្រមាថព្រះមហាក្សត្រ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA។

ចលនាបាតុកម្មតវ៉ា ដើម្បីទាមទារឲ្យនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង និងធ្វើកំណែទម្រង់របបរាជានិយមថៃ បានថមថយទៅវិញអស់ជាច្រើនសប្តាហ៍មកហើយ បន្ទាប់ការផ្ទុះករណីឆ្លង COVID-19 ទ្រង់ទ្រាយធំនៅក្នុងខេត្តសាមុតសាខន និងបានរាលដាលមកដល់ទីក្រុងបាងកក ចាប់តាំងពីខែធ្នូ ឆ្នាំ២០២០។

យ៉ាងណាក៏ដោយ ការចាប់ឃុំខ្លួនមេដឹកនាំចលនាបាតុកម្មចំនួន ០៤នាក់ ដោយអាជ្ញាធរថៃកាលពីពេលថ្មីៗនេះ បានបង្ខំឲ្យក្រុមបាតុករជម្នះការភ័យខ្លាច COVID-19 ដើម្បីចេញមកធ្វើការតវ៉ាសាជាថ្មី និងក្នុងលក្ខណៈទ្រង់ទ្រាយធំតែម្តង នៅក្នុងថ្ងៃសៅរ៍នេះ តាមរយៈការយកក្រណាត់ក្រហមដ៏ធំ ទៅគ្របលើវិមានប្រជាធិបតេយ្យ ក្រោមការឃ្លាំមើលពីកងកម្លាំងប៉ូលិសបង្ក្រាបកុបកម្ម។

គួរបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ខាងលើនេះ ក្រុមអ្នកតវ៉ាបានដាក់ឱសានវាទមួយ ដោយទាមទារឲ្យអាជ្ញាធរថៃ ដោះលែងមេដឹកនាំ និងសកម្មជននានាទាំងអស់ដែលកំពុងជាប់ឃុំខ្លួន ឲ្យមានសេរីភាពឡើងវិញនៅក្នុងអំឡុងពេល ០៧ថ្ងៃ បើមិនដូច្នោះទេ ពួកគេនឹងរៀបចំធ្វើបាតុកម្ម ក្នុងទ្រង់ទ្រាយធំតែម្តង៕