(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា របាយការណ៍សង្ខេប និងរបាយការណ៍ពេញលេញ អំពីដំណើរទស្សនកិច្ចស្វែងរក ប្រភពនៃវីរុសកូរ៉ូណាថ្មី (COVID-19) នឹងត្រូវបញ្ចេញនៅក្នុងពេលឆាប់ៗ។ នេះបើតាមការចេញផ្សាយ ដោយភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២១។

ការអះអាងខាងលើនេះត្រូវបានធ្វើឡើង តាមរយៈសន្និសីទវីដេអូអនឡាញ ចេញពីទីស្នាក់ការរបស់ WHO ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃសុក្រសប្តាហ៍នេះ ខណៈបេសកកម្មស្រាវជ្រាវរកការពិត នៅទីក្រុងវូហានប្រទេសចិន ដែលបានត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះ ត្រូវបានចាត់ទុកថា ទទួលបានជោគជ័យលើផ្នែកជាច្រើន។

លោក ភីតឺ ប៊ិន អ៊ែមបារែក (Peter Ben Embarek) ជាអ្នកដឹកនាំក្រុមជំនាញ WHO ទៅកាន់ទីក្រុងវូហានប្រទេសចិន បានលើកឡើងយ៉ាងដូច្នេះថា «យើងបានបង្កើតចំណេះដឹងថ្មីៗជាច្រើន អំពីការចាប់ផ្តើមព្រឹត្តិការណ៍ដំបូងៗ...។ យើងកំពុងស្ថិតនៅឆ្ងាយនៅឡើយ អំពីការស្វែងយល់ទៅលើប្រភពដើម និងការវែកញែកប្រភេទសត្វនានា ព្រមទាំងរបៀបនៃការចម្លងវីរុសទាំងនោះ មកកាន់មនុស្សកាលពីខែធ្នូ (ឆ្នាំ២០១៩)»

បើតាមមន្ត្រីជំនាញរបស់ WHO ការសិក្សាបន្តទៀតនឹងត្រូវធ្វើឡើង ដើម្បីស្វែងរកចម្លើយសម្រាប់សំនួរទាំងឡាយ ដែលនៅតែត្រូវបានចោទសួរ។ ជុំវិញបញ្ហានេះ សមាជិកមួយរូបនៃក្រុមជំនាញ WHO គឺលោកស្រី ម៉ារ៉ាយអិន គូបមែនស៍ បានលើកឡើងថា «យើងទាន់មិនដឹងនៅឡើយទេថា តើត្រូវធ្វើការស៊ើបអង្កេត តំណាក់កាលបន្ទាប់នៅទីណា ឬនរណាជាម្ចាស់ផ្ទះ (ប្រទេស) ដែលនឹងត្រូវទទួលយើងនោះ»

គួរបញ្ជាក់តាមសន្និសីទខាងលើរបស់ WHO ថា របាយការណ៍សង្ខេបនៃដំណើរការស៊ើបអង្កេត រកប្រភពដើមនៃវីរុស COVID-19 ដែលត្រូវបានធ្វើឡើងនៅទីក្រុងវូហាន ប្រទេសចិន នឹងត្រូវបញ្ចេញនៅសប្តាហ៍ក្រោយ ខណៈរបាយការណ៍ពេញលេញតែម្តង នឹងចេញនៅប៉ុន្មានសប្តាហ៍ខាងមុខទៀត៕