(ប៉េកាំង)៖ អាជ្ញាធរត្រួតពិនិត្យផ្នែកផ្សព្វផ្សាយរបស់ចិន កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្រេចហាមឃាត់លែងឲ្យសារព័ត៌មាន BBC World News របស់ចក្រភពអង់គ្លេស ធ្វើប្រតិបត្តិការផ្សព្វផ្សាយនៅក្នុងប្រទេសចិនតទៅទៀត ក្រោមហេតុផលថា សារព័ត៌មាននេះ បានបំពានគោលការណ៍ផ្សព្វផ្សាយរបស់អាជ្ញាធរចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១។

រដ្ឋបាលទូរទស្សន៍និងវិទ្យុជាតិចិន បានលើកឡើងថា ការធ្វើសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC World News អំពីប្រទេសចិន ត្រូវបានរកឃើញថា រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើគោលការណ៍ផ្សព្វផ្សាយក្នុងប្រទេសចិន ដោយរួមមានការកំណត់ឲ្យស្ថាប័នព័ត៌មាន ត្រូវតែស្មោះត្រង់និងមានតម្លាភាពជាដើម ហើយមិនប៉ះពាល់ដល់ផលប្រយោជន៍ជាតិរបស់ចិន។ ដូច្នេះសារព័ត៌មាន BBC លែងត្រូវអនុញ្ញាតឲ្យបន្តការផ្សព្វផ្សាយរបស់ខ្លួន ក្នុងប្រទេសចិនទៀតហើយ។

គួរបញ្ជាក់ថា ការសម្រេចចិត្តខាងលើកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរចក្រភពអង់គ្លេស បានដកហូតអាជ្ញាបណ្ណផ្សព្វផ្សាយ របស់ស្ថាប័នព័ត៌មានចិន CGTN ក្រោមហេតុផលថា CGTN បានបំពានច្បាប់របស់អង់គ្លេស៕