(បរទេស)៖ រូបភាពកម្រមួយចំនួន ដែលទើបបញ្ចេញដោយទីភ្នាក់ងារអវកាសអាមេរិក NASA បានលាងត្រដាងឲ្យឃើញពីសកម្មភាពរុករករ៉ែមាសយ៉ាងសកម្ម ដែលការរុករកភាគច្រើនត្រូវគេជឿថាធ្វើឡើងដោយខុសច្បាប់ នៅក្នុងតំបន់ព្រៃអាម៉ាហ្សូននៃប្រទេសប៉េរូ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងរូបភាពទាំងនោះ គេសង្កេតឃើញរណ្តៅធំៗជាច្រើនដែលមើលទៅហាក់ដូចជា ទន្លេមាសហូរកាត់តំបន់ព្រៃអាម៉ាហ្សូនយ៉ាងដូច្នោះ ដោយសារតែចំណាំងផ្លាតនៃពន្លឺព្រះអាទិត្យ។ គេជឿថារណ្តៅទាំងនេះភាគច្រើនត្រូវបានជីក ដោយក្រុមអ្នករុករករ៉ែ ដែលគ្មានអាជ្ញាបណ្ណត្រឹមត្រូវ ក្នុងគោលបំណងស្វែងរកធនធានរ៉ែមាស។

គួរបញ្ជាក់ថា រូបភាពខាងលើត្រូវថតបានដោយអវកាសយានិកម្នាក់ ពីលើស្ថានីយអវកាសអន្តរជាតិ ISS កាលពីខែធ្នូ ឆ្នាំ២០២០ ខណៈ NASA ទើបតែបញ្ចេញជាសាធារណៈនាពេលនេះ។ សកម្មភាពជីករុករករ៉ែមាសយ៉ាងផុសផុល នៅតំបន់ព្រៃអាម៉ាហ្សូននៃភាគអាគ្នេយ៍ប៉េរូ ដែលជាប្រទេសឈានមុខខាងនាំចេញមាសបែបនេះ ក៏កំពុងបង្កឲ្យមានការព្រួយបារម្ភ ជុំវិញផលប៉ះពាល់ចំពោះបរិស្ថាន និងជីវចម្រុះនៃតំបន់ព្រៃអាម៉ាហ្សូនផងដែរ៕