(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០៣,៤៨១នាក់ទៀតបានឆ្លង COVID-19 ខណៈអ្នកជំងឺ ៣,០៦៨នាក់ទៀតបានស្លាប់ នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃសុក្រ ទី១២ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ២៨,០០២,២៤០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៤៨៦,៩២២នាក់ និងជាសះស្បើយឡើងសរុប ១៧,៩៣០,៨១៩នាក់។

គួរបញ្ជាក់ថា ចំពោះមុខការឆ្លង និងស្លាប់យ៉ាងគំហុកដោយសារតែ COVID-19 សហរដ្ឋអាមេរិកក្រោមដឹកនាំរបស់លោកប្រធានាធិបតី ចូ បៃដិន បានជំរុញឲ្យបង្កើនការចាក់វ៉ាក់សាំងឲ្យដល់ ១.៥លានដូសក្នុង ១ថ្ងៃទៅដល់ពលរដ្ឋអាមេរិក ប្រសិនបើអាចទៅរួច។ ដោយឡែក អត្រាឆ្លងប្រចាំថ្ងៃខាងលើ គឺជាការលោតឡើងលើស ១០ម៉ឺនវិញ ក្រោយពីវាបានធ្លាក់ចុះមកក្រោម ១សែននាក់ ៤ថ្ងៃជាប់គ្នា៕