(ញូដេលី)៖ ឥណ្ឌា និងចិន បានឯកភាពគ្នាដកកងទ័ពចេញពីតំបន់ជម្លោះជុំវិញបឹងមួយ ស្ថិតនៅក្នុងតំបន់ហិម៉ាឡៃយ៉ាប៉ែកខាងលិច (Himalayas) ដែលនេះជា ការបិទបញ្ចប់ភាពជាប់គាំង នៃជម្លោះព្រំដែនរយៈពេលជាងមួយខែមកនេះ។ នេះបើតាមលោក Rajnath Singh ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

ថ្លែងនៅចំពោះមុខសភាជាតិ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោក Rajnath Singh បានឱ្យដឹងទៀតថា កិច្ចព្រមព្រៀងខាងលើសម្រេចបាន បន្ទាប់ពី មានកិច្ចសន្ទនាជាច្រើនលើក រវាងមេបញ្ជាការ និងមន្ត្រីការទូតជាន់ខ្ពស់នៃប្រទេសជិតខាងទាំង២។ លោកបន្ថែមថា មេបញ្ជាការចិន និងឥណ្ឌា នឹងបន្តជួបពិភាក្សា ក្នុងពេលឆាប់ៗនេះ ដើម្បីជជែកពីការដកកងទ័ពចេញតំបន់ជម្លោះដទៃទៀត។

លោក Rajnath Singh បានគូសបញ្ជាក់ដូច្នេះថា៖ «កិច្ចចរចារបស់ពួកយើងជាមួយចិន បានឈានដល់កិច្ចព្រមព្រៀងដោះស្រាយជម្លោះនៅតាមច្រាំងភាគខាងជើង និងខាងត្បូងនៃបឹង Pangong»។ ក្រសួងការពារជាតិចិន ក៏បានបញ្ជាក់ដូចគ្នាដែរថាកងទ័ពជួរមុខនៃប្រទេសទាំង២ បានចាប់ផ្ដើមដកចេញពីតំបន់ជម្លោះហើយ នៅថ្ងៃពុធសប្ដាហ៍នេះ។

គួរបញ្ជាក់ថា ជម្លោះព្រំដែនរវាងចិន និងឥណ្ឌា បានផ្ទុះឡើងជាថ្មី កាលពីខែមេសា ឆ្នាំ២០២០ នៅពេលដែលឥណ្ឌា បានចោទថាកងទ័ពចិន បានចូលក្នុងទឹកដីរបស់ ពួកគេ។ ប៉ុន្តែ ចិនអះអាងថាកងទ័ពរបស់ខ្លួន ធ្វើប្រតិបត្តិការនៅលើទឹកដីខ្លួនឯងប៉ុណ្ណោះ និងចោទឥណ្ឌាវិញថាជាអ្នកបង្ករឿងមុន។ នៅខែមិថុនា ឆ្នាំដដែល កងទ័ពឥណ្ឌា ២០នាក់ បានស្លាប់ នៅក្នុងការប៉ះទង្គិចគ្នាដោយហិង្សាជាមួយកងទ័ពចិន ដែលនេះជាការបាត់បង់អាយុជីវិតកងទ័ពឥណ្ឌា ច្រើនបំផុតមិនធ្លាប់មាន ក្នុងរយៈពេល៤៥ឆ្នាំមកនេះ។ ចិន បានទទួលស្គាល់ថាកងទ័ពខ្លួនស្លាប់ និងរបួស តែមិនបានបញ្ជាក់លម្អិតពីតួលេខឡើយ៕