(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងប្រធានាធិបតីចិនលោក ស៊ី ជិនពីង បានជួបសន្ទនាគ្នាតាមទូរស័ព្ទជាលើកដំបូងបំផុត នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នេះបើតាមប្រភពពីសេតវិមាន ដែលត្រូវបានដកស្រង់ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

កិច្ចសន្ទនាតាមទូរស័ព្ទរវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង ធ្វើឡើងកំឡុងបុណ្យចូលឆ្នាំចិន និងបន្ទាប់ពីក្រុមមន្ត្រីនៃរដ្ឋាភិបាលប្រទេសទាំង ២ បានចំណាយពេលរាប់សប្ដាហ៍ ដើម្បីរៀបចំកិច្ចពិភាក្សានេះឡើង។ នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន សេតវិមានបានឱ្យដឹងថា លោក បៃដិន បានផ្ញើសារជូនពរប្រជាជនចិនទាំងអស់ ក្នុងឱកាសបុណ្យចូលឆ្នាំចិន។ ប៉ុន្តែព្រមពេលជាមួយគ្នា លោកប្រធានាធិបតីអាមេរិក បានឆ្លៀតលើកឡើងអំពីការងារជាអាទិភាពរបស់លោក ក្នុងនោះរួមមានកិច្ចការពារសន្តិសុខប្រជាជនអាមេរិក, វិបុលភាព, សុខាភិបាល, រក្សាការពារសេរីភាព និងការបើកចំហតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

លោក បៃដិន ក៏បានគូសបញ្ជាក់ផងដែរពីកង្វល់របស់លោក ប្រាប់លោក ស៊ី ដូចជាសំណុំរឿងទីក្រុង ហុងកុង, តំបន់ស៊ីនជាំង, តៃវ៉ាន់ និងការអនុវត្តពាណិជ្ជកម្មរបស់ចិន ដែលអាមេរិកចោទថាមិនត្រឹមត្រូវ។ មិនតែប៉ុណ្ណោះមេដឹកនាំទាំង២រូប ថែមទាំងបានផ្លាស់ប្ដូរយោបល់គ្នាទៀតផង លើបញ្ហា COVID-19, សន្តិសុខសុខាភិបាលសកល, ការប្រែប្រួលអាកាសធាតុ និងការទប់ស្កាត់ការរីកសាយអាវុធជាដើម។

គួរបញ្ជក់ថា កិច្ចសន្ទនារវាងលោក ចូ បៃដិន និងលោក ស៊ី ជិនពីង គឺជាកិច្ចសន្ទនាលើកដំបូងបំផុត ចាប់តាំងពីលោក បៃដិន ជាប់ឆ្នោត និងឡើងកាន់តំណែង ជាប្រធានាធិបតីអាមេរិកផ្លូវការកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។ ម្យ៉ាងវិញទៀត វាក៏ជាកិច្ចសន្ទនាលើកដំបូងបំផុតផងដែររវាងលោក ស៊ី និងប្រធានាធិបតីអាមេរិក ចាប់តាំងពីមេដឹកនាំចិនរូបនេះបានសន្ទនាជាមួយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ កាលពីខែមីនា ឆ្នាំ២០២០ ហើយចាប់ពីពេលនោះមកទំនាក់ទំនងរវាងចិន និងអាមេរិក បានធ្លាក់ចុះដុនដាបមកទល់នឹងសព្វថ្ងៃ៕