(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសពីការដាក់ទណ្ឌកម្មប្រឆាំងមេដឹកនាំយោធា មីយ៉ាន់ម៉ា និងឱ្យស្នើឱ្យពួកគេប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អោង សាន ស៊ូជី វិញ ខណៈបាតុកម្មតវ៉ានៅតែបន្តធ្វើឡើង បើទោះជាមាន ការបង្រ្កាបក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមលោក ចូ បៃដិន រដ្ឋបាលរបស់លោក បាន និងកំពុងកាត់ផ្ដាច់ក្រុមមេដឹកនាំយោធាមីយ៉ាន់ម៉ា មិនឱ្យដក ឬចូលទៅកាន់មូលនិធិប្រមាណ ១ពាន់លានដុល្លារ ដែលកំពុងតម្កល់ទុកនៅក្នុងសហរដ្ឋអាមេរិក ហើយទណ្ឌកម្មថ្មីៗ បន្ថែមទៀត នឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ។ លោក បៃដិន បានបន្ថែមដូច្នេះថា៖ «ជាថ្មី ម្ដងទៀត ខ្ញុំអំពាវនាវឱ្យយោធាភូមា ដោះលែងថ្នាក់ដឹកនាំនយោបាយ និងសកម្មជនប្រជាធិបតេយ្យ ដែលកំពុងជាប់ឃុំក្នុងនោះរួមមានលោកស្រី ស៊ូជី និងលោកប្រធានាធិបតី Win Myint ជាបន្ទាន់ ហើយយោធាមីយ៉ាន់ម៉ា ក៏ត្រូវតែប្រគល់អំណាចឱ្យរដ្ឋាភិបាលស៊ីវិលវិញផងដែរ»

គួរបញ្ជាក់ថា ទោះជាមានការថ្កោលទោសពីអន្តរជាតិក៏ដោយ ក៏យោធាមីយ៉ាន់ម៉ា នៅតែអះអាងពីភាពត្រឹមត្រូវក្នុងការធ្វើរដ្ឋប្រហារ ដោយថាវាគឺជាការឆ្លើយតប ទៅនឹងការបោះឆ្នោតសកលកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលពួកគេចោទថាត្រូវបានលួចបន្លំ។ ចំណែកឯ ក្រុមបាតុករវិញ ក៏មិនបានបង្ហាញពីសញ្ញាដកថយ នោះដែរ ខណៈយោធាដាក់ចេញច្បាប់អាជ្ញាសឹក និងបង្ក្រាបលើក្រុមបាតុករ៕