(បាងកក)៖ យោងតាមក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC) បានឲ្យដឹងថា លោក Vitit Muntarbhorn ដែលជាជនជាតិថៃ នឹងត្រូវជំនួសលោកស្រី រ៉ូណា ស្មីត នៅពេលដែលលោកស្រី បញ្ចប់អាណត្តិ ៥ឆ្នាំរបស់ខ្លួន ក្នុងនាមជាអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិនៅកម្ពុជា។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន the Nation Thailand នៅាយប់ថ្ងៃពុធ ទី១០ ខែកម្ភៈ ឆ្នាំ២០២១។

នៅក្នុងលិខិតចុះថ្ងៃទី៨ ខែកុម្ភះ ប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ (UNHRC) លោកស្រី Nazhat Shameem Khan បានមានប្រសាសន៍ថា ក្រោយពីបានពិគ្រោះយោបល់ជាមួយអ្នកពាក់ព័ន្ធទាំងអស់ លោកស្រីបានសម្រេចចិត្តធ្វើតាមអនុសាសន៍ដំបូង របស់ក្រុមពិគ្រោះយោបល់។

គួរជម្រាបថា ក្រុមពិគ្រោះយោបល់ ត្រូវបានបង្កើតឡើងដើម្បីណែនាំ និងជ្រើសរើសបេក្ខជន ឲ្យបំពេញតួនាទីទំនេរចំនួន ៦កន្លែង សម្រាប់ការិយាល័យទាក់ទងនឹងសិទ្ធិមនុស្សផ្សេងៗគ្នានៅជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។

លោកស្រី Khan បានសរសេរថា«សម្រាប់តួនាទីរបស់អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ខ្ញុំស្នើឲ្យតែងតាំង លោក Vitit Muntarbhorn»។ ទោះជាយ៉ាងណា ការប្រកាសជាផ្លូវការនឹងត្រូវធ្វើឡើង នៅចុងខែមីនា ខាងមុខ។

គួរបញ្ជាក់ថា អ្នកស្រី រ៉ូណា ស្មីត ដែលជាជនជាតិអង់គ្លេស ត្រូវបានតែងតាំងជាអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៅកម្ពុជា តាំងពីអំឡុងខែមីនា ឆ្នាំ២០១៥មក ខណៈដែលលោកស្រី នឹងត្រូវផុតអាណត្តិ នាប៉ុន្មានសប្តាហ៍ទៀតនេះ៕