(ញូខាឡេដូនៀ)៖ ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ បានវាយប្រហារឆ្នេរ នៃប្រទេសវ៉ានួទូ (Vanuatu) និង ប្រទេសញូខាឡេដូនៀ (New Caledonia) ស្ថិតភាគខាងត្បូង នៃមហាសមុទ្រ ប៉ាស៊ីហ្វិក នៅមុខនេះបន្តិច ដែលជំរុញឲ្យប្រទេសជិតខាងព្រមានពីរលកយក្សស៊ូណាមិ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានជប៉ុន NDTV នៅយប់ថ្ងៃពុធ ទី១០ ខែកម្ភៈ ឆ្នាំ២០២១។

USGS បានគូសបញ្ជាក់ថា ការរញ្ជួយដីនេះបានកើតឡើងនៅពាក់កណ្តាលអធ្រាត្រ នៅថ្ងៃព្រហស្បតិ៍(ម៉ោងក្នុងតំបន់) ស្ថិតនៅប្រហែលជា ៤១៥គីឡូម៉ែត្រភាគខាងកើតនៃទីក្រុង Vao របស់ប្រជុំកោះ ញូខាឡេដូនៀ (New Caledonia) ក្នុងជម្រៅ ១០គីឡូម៉ែត្រ។

មជ្ឈមណ្ឌលព្រមានពីរលកយក្សស៊ូណាមីនៅតំបន់ប៉ាស៊ីហ្វិក បាននិយាយថា «រលកយក្សស៊ូណាមិធ្ងន់ធ្ងរ ដែលបង្កឡើងដោយសារគ្រោះរញ្ជួយដីនេះ ទំនងអាចនឹងកើតឡើង ក្នុងរយៈពេល ៣ ម៉ោងទៀត»

គួរបញ្ជាក់ថា ភ្លាមៗបែប នេះពុំទាន់មានសេចក្តីរាយការណ៍អំពី មនុស្សរង គ្រោះ ឬក៏ការបំផ្លិច បំផ្លាញ ដោយសារគ្រោះរញ្ជួយដីនេះនៅឡើយទេ៕