(ប៉េកាំង)៖ បេសកកម្មយាន្តអាវកាសរបស់ចិនឈ្មោះថា Tianwen-1 បានចូលទៅក្នុងគន្លងវិថីតារាជុំវិញភពព្រះអង្គារ ប្រកបដោយជោគជ័យហើយ នៅថ្ងៃពុធនេះ បន្ទាប់ពីការធ្វើដំណើរអស់រយៈពេលជិត ៧ខែពីភពផែនដី។ នេះបើយោងតាមការចេញផ្សាយ សារព័ត៌មាន BBC នៅយប់ថ្ងៃពុធ ទី១០ ខែកម្ភៈ ឆ្នាំ២០២១។

រដ្ឋបាលអវកាសជាតិចិន ហៅកាត់ថា CNSA បានឲ្យដឹថាយាន្តអវកាស Tianwen-1 ឥឡូវនេះ កំពុងស្ថិតក្នុងគន្លងគោចរជុំវិញភពអង្គារ ក្នុងកម្ពស់ប្រមាណ ៤០០គីឡូម៉ែត ពីភពក្រហមមួយនេះ។ ហើយវានឹងចំណាយពេល ១០ថ្ងៃនៃភពផែនដី ដើម្បីវល់បានមួយជុំ។ បន្ទាប់មកទៀត Tianwen-1 នឹងធ្វើការរំកិលគន្លង ដើម្បីចូលទៅកាន់គន្លងកណ្តាល នៃភពអង្គារ ដោយធ្វើការស្ទង់មើលទីតាំងដែលមានសក្តានុពល ដើម្បីត្រៀមចុះចតនៅខែឧសភា ឬមិថុនាខាងមុននេះ។

បេសកកម្ម Tianwen-1 មានយានចម្រុះជាច្រើនគ្រឿង រួមមានផ្កាយរណបសម្រាប់គោចរជុំវិញភពអង្គារ ហៅថា អូប៊ីតទ័រ (Orbiter), ជើងទម្រសម្រាប់សម្រួលការចុះ ទៅលើផ្ទៃដីភពអង្គារហៅថា ឡេនដឺ (Lander) និងគ្រឿងយន្តសម្រាប់ចល័តហៅថា រ៉ូវើ (Rover)។

ចម្ងាយរវាងភពអង្គារ និងផែនដី តែងមានការប្រែប្រួលមិនទៀងនោះឡើយ គឺគម្លាតចាប់ពី ៥០លានគីឡូម៉ែត្ររហូតដល់ជាង ៤០០លានគីឡូម៉ែត្រ ដោយសារតែភពទាំងគោចរជុំវិញព្រះអាទិត្យ ក្នុងគន្លងផ្សេងគ្នា។ យ៉ាងណាមិញ នៅពេលបេសកកម្ម Tianwen-1 ទៅដល់ក្បែរភពអង្គារ វានឹងស្ថិតនៅចម្ងាយ ១៩០លានគីឡូម៉ែត្រពីភពយើង។

គួរបញ្ជាក់ថា ក្រៅពីបេសកកម្មចិន អេមីរ៉ាត់អារ៉ាប់រួម (UAE) ក៏មានបេសកកម្មលើកដំបូង បានចូលគន្លងជុំវិញអង្គារផងដែរនៅថ្ងៃពុធនេះ។ ប៉ុន្តែបេសកកម្មដដែលនេះពុំមានការចុះចតទេ ដោយវាត្រឹមតែជាផ្កាយរណប ដើម្បីគោចរក្នុងគន្លង នៅជុំវិញភពក្រហមនោះប៉ុណ្ណោះ។ ដោយឡែក បេសកកម្ម Perseverance របស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានកំណត់ថា នឹងចុះទៅដល់លើផ្ទៃភពអង្គារនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១៕