(ម៉ូស្គូ)៖ នៅថ្ងៃពុធនេះ ចំនួនករណីឆ្លងសរុបនៃជំងឺ COVID-19 នៅក្នុងប្រទេសរុស្ស៉ី បានកើនឡើងលើសពី ០៤លាននាក់ហើយ បន្ទាប់ពីរកឃើញករណីឆ្លងថ្មីៗជាង ១.៤ម៉ឺននាក់ថែមទៀត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

ទីភ្នាក់ងារប្រយុទ្ធប្រឆាំងជំងឺ COVID-19 របស់រុស្ស៉ី នៅថ្ងៃពុធនេះបានប្រកាសឲ្យដឹងថា ករណីឆ្លង COVID-19 ថ្មីៗចំនួន ១៤,៤៩៤នាក់ទៀត ទើបតែត្រូវបានរកឃើញ ក្នុងកំឡុងរយៈពេល២៤ម៉ោងចុងក្រោយ ដែលជាហេតុធ្វើឲ្យចំនួនករណីឆ្លងសរុបនៅទូទាំងប្រទេស លោតលើស ០៤លាននាក់ គឺចំនួន៤,០១២,៧១០នាក់។

គួរបញ្ជាក់ថា ក្នុងថ្ងៃដដែលនេះ រុស្ស៉ីក៏មានអ្នកជំងឺស្លាប់ថ្មី ៥៣៦នាក់ផងដែរ ធ្វើឲ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៧៨,១៣៤នាក់ ខណៈអ្នកជាសះស្បើយសរុបមាន ៣,៥១៦,៤៦១នាក់។ រុស្ស៉ីឈរនៅលេខរៀងទី៤ នៃប្រទេសដែលមានករណីឆ្លង COVID-19 ច្រើនបំផុតនៅលើពិភពលោក គឺបន្ទាប់ពីសហរដ្ឋអាមេរិក ឥណ្ឌា និងប្រេស៉ីល៕