(វូហាន)៖ សមាជិកម្នាក់ នៃបេសកកម្មអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសចិន លោក Peter Daszak នៅថ្ងៃពុធនេះ បាននិយាយថា គេមិនគួរពឹងផ្អែកពេកទៅ លើព័ត៌មានសម្ងាត់របស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាមេរិកនោះទេ បន្ទាប់ពីក្រសួងការបរទេសអាមេរិក បង្ហាញការសង្ស័យពីតម្លាភាពនៃការស៊ើបអង្កេតរកប្រភពដើមCOVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានបារាំង AFP នៅថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

ថ្លែងនៅក្នុងសារមួយបង្ហោះលើ Twitter លោក Peter Daszak បានគូសបញ្ជាក់ដូច្នេះថា៖ «...សូមកុំពឹងផ្អែកទាំងស្រុងពេកលើព័ត៌មានស៊ើបការណ៍របស់សហរដ្ឋអាមេរិក។ ការបែកបាក់បានកើតឡើងរួចហើយ នៅក្រោមអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ...»

គួរបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិដឹកនាំដោយអង្គការសុខភាពពិភពលោក រួមជាមួយអ្នកជំនាញចិន បានបិទបញ្ចប់ការស៊ើបអង្កេតរបស់ពួកគេ ក្នុងការស្វែងរកប្រភព ដើម COVID-19 នៅក្នុងទីក្រុងវូហាន ប្រទេសចិន កាលពីថ្ងៃអង្គារម្សិលមិញ។ ក្រុមអ្នកជំនាញ WHO និងចិន បានសនិ្នដ្ឋានដូចគ្នាថា COVID-19 មិនមែនលេចធ្លាយចេញពី មន្ទីរពិសោធន៍មួយ ក្នុងទីក្រុងវូហានដូចដែលក្រុមមន្ត្រីអាមេរិក ក្រោមអតីតរដ្ឋបាលលោក ដូណាល់ ត្រាំ អះអាងនោះទេ។ ពោលគឺ វាមានប្រភពដើមឆ្លងពីសត្វទៅមនុស្ស ប៉ុន្តែ ពួកគេនៅតែមិនទាន់អាចបញ្ជាក់បានដដែល ថាតើជំងឺនេះ ឆ្លងពីសត្វ ទៅមនុស្សដោយរបៀបណាឡើយ៕