(បាងកក)៖ ប្រទេសថៃនឹងប្រើប្រាស់ វ៉ាក់សាំងផលិតដោយក្រុមហ៊ុនចិន Sinovac ដើម្បីចាប់ផ្តើមដំណើរការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅក្នុងប្រទេសអាស៊ានមួយនេះជាលើកដំបូង ដោយស្ថិតក្នុងគោលដៅចាក់ជូនដល់ប្រជាជន ២ ភាគ ៣ នៃប្រជាជនសរុប ៦៩លាននាក់របស់ខ្លួន (តួលេខដោយ UN នៅឆ្នាំ២០២០) សម្រាប់ដំណាក់កាលទីមួយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រទេសថៃក៏ត្រូវបានគេមើលឃើញថា នឹងអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងចិន នៅក្នុងករណីបន្ទាន់នៅក្នុងខែកុម្ភៈនេះផងដែរ។ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) ធ្លាប់បានគូសបញ្ជាក់ នៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីដើមសប្តាហ៍នេះថា វ៉ាក់សាំងសាំងបង្ការ COVID-19 របស់ក្រុមហ៊ុនចិន Sinovac ដំណាក់កាលទី ១ នឹងមកដល់នៅអំឡុងខែកុម្ភៈនេះ ដល់ខែមេសា។

គួរបញ្ជាក់ថា ប្រទេសថៃក៏ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 មិនខុសពីប្រទេសភាគច្រើន នៅលើពិភពលោកនេះដែរ នោះគឺបុគ្គលិកសុខាភិបាល, ប្រជាជនដែលមានវ័យចំណាស់, ប្រជាជនដែលមានជំងឺរុំារ៉ៃ និងពលករចំណាកស្រុកជាដើម នឹងស្ថិតនៅក្នុងក្រុមមនុស្សមានអាទិភាព ក្នុងការទទួលបានវ៉ាក់សាំងនេះ។

ដោយឡែកវ៉ាក់សាំងបន្តបន្ទាប់ទៀត មកពីក្រុមហ៊ុនអង់គ្លេស AstraZeneca ក៏នឹងមកដល់ប្រទេសថៃផងដែរ នៅចុងឆ្នាំ២០២១។ គិតត្រឹមថ្ងៃពុធនេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ២៣,៩០៣ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៨០នាក់ និងជាសះស្បើយឡើងវិញ ១៨,៩១៤នាក់៕