(បាកដាដ)៖ កាសែតអាល់-សាបាហ៍ (al-Sabah) នៅថ្ងៃអង្គារសប្ដាហ៍នេះ បានរាយការណ៍ដោយដកស្រង់សម្តី មន្ត្រីជាន់ខ្ពស់អ៊ីរ៉ាក់ម្នាក់ថា «ប្រទេសអ៊ីរ៉ាក់ ប្តេជ្ញាស្វែងរកនូវវត្ថុបុរាណទាំងអស់ដែលត្រូវបានលួច យកមកវិញទាល់តែបាន» ដោយវត្ថុទាំងនោះត្រូវបានបាត់បង់ នៅក្នុងសង្គ្រាមឈ្លានពានដឹកនាំដោយសហរដ្ឋអាមេរិក កាលពីឆ្នាំ២០០៣»។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រធានក្រុមប្រឹក្សាបុរាណវត្ថុ និងបេតិកភណ្ឌនៃក្រសួងវប្បធម៌អ៊ីរ៉ាក់ លោក ឡេស ហ៊ូស្សេន (Laith Hussein) អះអាងថា «ក្រុមប្រឹក្សាបានប្តេជ្ញាស្វែងរក នូវវត្ថុបុរាណអ៊ីរ៉ាក់ដំបូង និងចុងក្រោយដែលត្រូវបានលួចរត់ពន្ធទៅបរទេស ឲ្យត្រលប់មកវិញទាល់តែបាន ហើយយើងនឹងមិនបោះបង់វាចោលឡើយ សូម្បីតែមួយបំណែក មិនថាវាមានទំហំតូច ឬធំ សំខាន់ ឬមិនសំខាន់នោះទេ»

លោក Hussein បានគូសបញ្ជាក់ប្រាប់បន្ថែមថា យើងបើកកិច្ចសហប្រតិបត្តិការអន្តរជាតិមួយ ក្នុងការស្វែងរកនូវវត្ថុបូរាណដែលត្រូវបានប្លន់ និងលួចពីទីតាំងបុរាណវត្ថុ ក៏ដូចជាសារមន្ទីរអ៊ីរ៉ាក់នៅរដ្ឋធានីបាកដាដ (Baghdad) ជាដើម។

គួរបញ្ជាក់ថា បើតាមស្ថិតិផ្លូវការ វត្ថុបុរាណវប្បធម៌ប្រហែលជា ១៥,០០០បំណែកត្រូវបានលួច និងបំផ្លាញដោយពួកចោរលួចវត្ថុបុរាណ ជាពិសេសនៅក្នុងសារមន្ទីរអ៊ីរ៉ាក់ បន្ទាប់ពីរបបដឹកនាំនៃលោក សាដាម ហ៊ូស្សេន (Saddam Hussein) បានផ្តួលរំលំក្រោមស្នាដៃកងទ័ពចំរុះ ដឹកនាំដោយសហរដ្ឋអាមេរិកកាលពីឆ្នាំ២០០៣។

បន្ទាប់មកទៀត ក្រោយពីក្រុមភេរវករ ISIS បានកាន់កាប់ទឹកដីនៅតាមតំបន់ធំៗនៅភាគខាងជើង និងខាងលិចនៃប្រទេសអ៊ីរ៉ាក់កាលពីឆ្នាំ២០១៤ សារមន្ទីរម៉ូស៊ូល ក៏ដូចជាទីក្រុងបុរាណ ហាត្រា (Hatra) និង នីមរ៉ាដ់ (Nimrud) ក៏ត្រូវបានបំផ្លាញផងដែរ ដោយវត្ថុបុរាណមួយចំនួនធំ ត្រូវបានគេលួចរត់ពន្ធទៅបរទេស៕