(រ៉ង់ហ្គន)៖ យោធាមីយ៉ាន់ម៉ាបានចុះឆែកឆេរទីស្នាក់ការកណ្ដាល នៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អោង សាន ស៊ូជី ខណៈសហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ (UN) បានថ្កោលទោសយ៉ាងខ្លាំង ចំពោះហិង្សាប្រព្រឹត្តដោយប៉ូលិសមីយ៉ាន់ម៉ា ប្រឆាំងនឹងក្រុមបាតុករដែលកំពុងធ្វើបាតុកម្ម ទាមទារឱ្យដោះលែងលោកស្រី ស៊ូជី និងអ្នកកំពុងជាប់ឃុំដទៃៗទៀត ក្រោយរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយបង្ហោះលើ Facebook របស់ខ្លួន គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យោធា... បានវាយឆ្មក់ចូលឆែកឆេរ និងបំផ្លិចបំផ្លាញទីស្នាក់ការកណ្ដាលនៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ នៅម៉ោងប្រមាណ ៩៖៣០នាទី ថ្ងៃអង្គារ...»។ ប៉ុន្តែសេចក្ដីថ្លែងការណ៍ដដែល មិនបានលម្អិតអ្វីបន្ថែមពីនេះទៀតឡើយ។

គួរបញ្ជាក់ថា ការវាយឆ្មក់ចូលឆែកឆេរទីស្នាក់ការកណ្ដាល នៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យរបស់លោកស្រី អោង សាន ស៊ូជី បានកើតមានឡើងចំពេលប្រជាជនមីយ៉ាន់ម៉ា កំពុងនាំគ្នាធ្វើបាតុកម្មតវ៉ានៅទូទាំងប្រទេស ដើម្បីប្រឆាំងរដ្ឋប្រហារ និងទាមទារឱ្យទាមទារឱ្យដោះលែងលោកស្រី ស៊ូជី ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាល របស់លោកស្រី។

មនុស្សរាប់សិបនាក់ ត្រូវបានប៉ូលិសមីយ៉ាន់ម៉ាចាប់ខ្លួន នៅក្នុងការប៉ះទង្គិចគា្នជាច្រើនករណី នៅរដ្ឋធានីណៃពិដោ និងទីក្រុង ម៉ាន់ដាឡាយ (Mandalay) ខណៈបាតុករនៅតែបន្តធ្វើការតវ៉ា បើទោះជាមានការព្រមានបង្រ្កាប និងការប្រកាសដាក់ចេញ ច្បាប់អាជ្ញាសឹកក៏ដោយ៕