(ឌូបៃ)៖ នៅយប់ថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ គ្រឿងយន្តអវកាស អាល់អាម៉ល (Al-Amal) របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម បានជ្រៀតចូលគន្លងគោចរ នៅជុំវិញភពអង្គារប្រកបដោយជោគជ័យហើយ ស្ថិតនៅក្នុងរយៈកម្ពស់ជាង ៥០០គីឡូម៉ែត្រពីផ្ទៃភពក្រហមមួយនេះ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

បេសកកម្មអវកាស Al-Amal ដែលមានន័យជាភាសាអង់គ្លេសថា Hope ឬក្តីសង្ឃឹម គឺជាបេសកកម្មឆ្ពោះទៅកាន់ភពអង្គារ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម ហើយវាជាបេសកកម្មដំបូងបំផុត ប្រចាំពិភពអារ៉ាប់ទាំងមូល ក្នុងការបញ្ជូនគ្រឿងយន្តអវកាស ឆ្ពោះទៅកាន់ភពដទៃទៀត ក្នុងប្រព័ន្ធព្រះអាទិត្យយើង។ អេមីរ៉ាត់អារ៉ាប់រួមបានចំណាយថវិកា ២០០លានដុល្លារ ក្នុងការអភិវឌ្ឍបេសកកម្មអវកាសនេះ។

បេសកកម្ម Al-Amal មានតែផ្កាយរណបមួយគ្រឿង សម្រាប់ហោះគោចរនៅជុំវិញភពអង្គារប៉ុណ្ណោះ។ ផ្កាយរណបនេះមានទម្ងន់ ១,៣៥០គីឡូក្រាម គឺប្រហែលស្មើនឹងរថយន្តប្រភេទ SUV មួយគ្រឿង។ បេសកកម្ម Al-Amal ខុសពីបេសកកម្ម ០២ផ្សេងទៀតរបស់ចិន និងអាមេរិក ដែលត្រូវទៅដល់ភពអង្គារក្នុងខែកុម្ភៈនេះដែរ គឺវានឹងមិនមានការចុះចត ទៅលើផ្ទៃភពក្រហមនេះឡើយ។

គួរបញ្ជាក់ថា អេមីរ៉ាត់អារ៉ាប់រួមត្រូវការពេលយ៉ាងហោចណាស់ ០២សប្តាហ៍ទៀត ដើម្បីត្រួតពិនិត្យមើលឧបករណ៍គ្រប់យ៉ាង នៅលើផ្កាយរណប Al-Amal ថាតើវានៅដំណើរការដែរ ឬយ៉ាងណា។ ប្រសិនបើអ្វីៗគ្រប់យ៉ាងដំណើរការដូចប្រក្រតី នោះផ្កាយរណប Al-Amal នឹងចំណាយពេល ៦៨៧ថ្ងៃ (រយៈពេលលើផែនដី) ដែលស្មើនឹងរយៈពេលមួយឆ្នាំនៅភពអង្គារ ដើម្បីសិក្សាស្វែងយល់បែបស៉ីជម្រៅ អំពីស្រទាប់បរិយាកាស និងអាកាសធាតុរបស់ភពនេះ។

ភាពជោគជ័យរបស់ Al-Amal ពេលនេះបានធ្វើឲ្យអេមីរ៉ាត់អារ៉ាប់រួម ក្លាយជាប្រទេសទី៥ នៅលើពិភពលោកដែលមានគ្រឿងយន្ត ហោះទៅក្នុងគន្លងគោរជុំវិញភពអង្គារ និងជាការអបអរគម្រប់ខួប ៥០ឆ្នាំនៃការបង្រួបបង្រួម ប្រជាជាតិអារ៉ាប់មួយនេះផងដែរ៕