(ឡុងដ៍)៖ អ្នកវិទ្យាសាស្ត្រជនជាតិអង់គ្លេសដ៏លេចធ្លោម្នាក់បានលើកឡើងថា នាពេលអនាគត ជំងឺ COVID-19 អាចនឹងត្រូវបានគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព ដោយវ៉ាក់សាំងបាញ់តាមច្រមុះជាជាងការចាក់។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Arab News នៅយប់ថ្ងៃអង្គារ ទី០៩ ខែកម្ភៈ ឆ្នាំ២០២១។

អ្នកជំនាញផ្នែកពិសោធន៍ នៃមហាវិទ្យាល័យ Imperial College London លោកសាស្រ្តាចារ្យ Peter Openshaw បានពិពណ៌នាអំពីការចាក់ថ្នាំបង្ការតាមច្រមុះថា ជាការវិវត្តដ៏សមហេតុផលមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសនេះ។

លោកសាស្រ្តាចារ្យ Openshaw បានលើកឡើងថា «វ៉ាក់សាំងដំបូងដែលត្រូវបានផ្តល់ឲ្យយើងនាពេលនេះ ជាប្រភេទចាក់បញ្ចូល ដែលធ្វើឲ្យមានការឆ្លើយតបយ៉ាងល្អ នៅក្នុងចរន្តឈាមរបស់យើង ហើយវាក៏អាចការពារសួតបានយ៉ាងល្អផងដែរ...ប៉ុន្តែការបង្កើតវ៉ាក់សាំងដែលបាញ់តាមច្រមុះ គឺជាមធ្យោបាយដ៏ល្អមួយនាពេលអនាគត»

អ្នកជំនាញរូបនេះបានសង្កត់ធ្ងន់ទៀតថា«យើងពិតជាត្រូវការបង្កើតវ៉ាក់សាំងមួយ ដែលផ្អែកលើការបាញ់ច្រមុះ និងជំរុញឲ្យមានអ្វី ដែលយើងហៅថាការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំ»។ ថ្បិតថា ការបាញ់វ៉ាក់សាំងតាមច្រមុះ គឺវាមានភាពងាយស្រួលក្នុងការចាត់ចែង និងអាចការពារជំងឺក្នុងដំណាក់កាលដំបូងតែម្តង។

គួរបញ្ជាក់ថា ជំងឺ COVID-19 គឺជាប្រធានបទនៃការស្រាវជ្រាវយ៉ាងច្រើន ដើម្បីបង្កើតវ៉ាក់សាំងដែលមានប្រសិទ្ធិភាពប្រឆាំងនឹងជំងឺនេះ ក្នុងពេលវេលាមួយដ៏ខ្លីបំផុត ប៉ុន្តែករណីដែលទទួលបានជោគជ័យរហូតមកដល់ពេលនេះ មានតែប្រភេទចាក់ថ្នាំ៕