(ប៉េកាំង)៖ អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ប្រភពដើមនៃវីរុសកូរ៉ូណា ទំនងមិនមែនលេចធ្លាយចេញពីមន្ទីរពិសោធនៅទីក្រុងវូហាន នោះទេ។ ប៉ុន្តែអ្វីដែលច្បាស់បំផុតនោះគឺថា វាបានឆ្លងមកកាន់មនុស្សតាមរយៈពពួកសត្វ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅយប់ថ្ងៃអង្គារ ទី០៩ ខែកម្ភៈ ឆ្នាំ២០២១។

លោក Peter Ben Embarek ដែលជាអ្នកជំនាញសុវត្ថិភាពចំណីអាហារ និងជំងឺសត្វរបស់ WHO ហើយក៏ជាប្រធានបេសកកម្មស៊ើបអង្កេតរកប្រភពដើម នៃជំងឺ COVID-19 នៅឯទីក្រុងវូហានផងដែរនោះ បានគូសបញ្ជាក់នៅក្នុងសន្និសីទបូកសរុបការងារស្រាវជ្រាវរបស់ខ្លួនថា ការដែលថា វីរុស SARS-Cov-2 ដែលបង្កទៅជាជំងឺ COVID-19 ធ្លាយចេញពីមន្ទីរពិសោធនៅវូហាននោះ គឺជារឿងមិនកើតមានឡើយ។

ទន្ទឹមនឹងនោះ អ្នកជំនាញរូបនេះថែមទាំងបានសង្កតធ្ងន់ទៀតថា ការរកឃើញដំបូងរបស់ WHO បានបង្ហាញថា ជំងឺ COVID-19 វាបានចម្លងមកមនុស្សតាមរយៈសត្វ។ ហើយនេះក៏ជាលទ្ធផលតែមួយគត់ ដែលក្រុមបេសកកម្ម ត្រូវការពេលវេលាដើម្បីសិក្សា និងស្រាវជ្រាវបន្ថែមទៀត។

គួរបញ្ជាក់ថា ក្រុមអ្នកស៊ើបអង្កេតអន្តរជាតិស្វែងរកប្រភពដើម COVID-19 ដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) បានធ្វើដំណើរទៅដល់ទីក្រុងវូហាន កាលពីថ្ងៃ១៤ ខែមករា ឆ្នាំ២០២១ ហើយបានចំណាយពេលធ្វើចត្តាឡីស័ក ១៤ថ្ងៃ។ ក្រុមអ្នកស៊ើបអង្កេតទាំងនេះ បានធ្វើដំណើរទៅកាន់ទីតាំងជាច្រើន ក្នុងនោះរួមមានមន្ទីរពេទ្យ, វិទ្យាស្ថានវីរុសសាស្ត្រទីក្រុងវូហាន ព្រមទាំងទីផ្សារលក់គ្រឿងសមុទ្រ ហ្វ័រណាន (Huanan) ជាទីដែល COVID-19 ត្រូវបានគេរាយការណ៍ អំពីករណីឆ្លងជាចង្កោមមុនគេបំផុត៕