(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅថ្ងៃអង្គារនេះ បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសអឺរ៉ុបកណ្តាល និងខាងកើត (CEEC) បានបម្រើ និងគាំទ្រដល់ការអភិវឌ្ឍ ព្រមទាំងលើកកម្ពស់ជីវភាពប្រជាជន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ស៊ី បានកោតសរសើរចំពោះសមិទ្ធផលផ្សេងៗ ដែលទទួលបានពីកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្ដាប្រទេស CEEនៅពេលថ្លែងទៅកាន់កិច្ចប្រជុំកំពូលចិន និង CEEC ដែលបានធ្វើឡើងតាមរយៈវីដេអូខុនហ្វេរិន។

លោកប្រធានាធិបតីចិន បានកត់សម្គាល់ទៀតថា សព្វថ្ងៃនេះ ពាណិជ្ជកម្មរវាងប្រទេសចិន និងបណ្ដាប្រទេស CEEC បានកើនឡើងដល់ជិត ៨៥ភាគរយ បើប្រៀបធៀបទៅ នឹងរយៈពេល ០៩ឆ្នាំកន្លងទៅនេះ ហើយចំនួននៃអ្នកទេសចរ ដែលមកលេងទៅវិញទៅមក បានកើនឡើងដល់ជិត ៤ដងផងដែរ។ លោក ស៊ី បានបន្ថែមថា ផ្លូវដែកល្បឿនលឿនចិន- អឺរ៉ុប បានពង្រីកទៅដល់បណ្ដាប្រទេស CEEC ភាគច្រើន ដែលបច្ចុប្បន្ននេះកំពុងដំណើរការសេវាកម្មដឹកទំនិញជាង ៣០,០០០ជើងហើយ។

គួរបញ្ជាក់ថា វឌ្ឍនភាពគួរឱ្យចាប់អារម្មណ៍ ត្រូវបានធ្វើឡើង នៅក្នុងគម្រោងសហប្រតិបត្តិការមួយចំនួន រួមមានកំពង់ផែពីរ៉ាអឺស (Piraeus) នៅប្រទេសក្រិក រោងចក្រដែកថែប ស្មេដេរ៉េវ៉ូ (Smederevo) នៅប្រទេសស៊ែប៊ី និងស្ពានពែលហ្សេសាក់ (Peljesac) នៅប្រទេសក្រូអាត៕