(ណៃពិដោ)៖ កងកម្លាំងប៉ូលីសមីយ៉ាន់ម៉ា នៅថ្ងៃអង្គារនេះ បានបាញ់គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើ ក្រុមអ្នកតវ៉ាដែលធ្វើបាតុកម្មនៅរដ្ឋធានីណៃពិដោ ប្រឆាំងរដ្ឋប្រហារយោធា ខណៈក្រុមបាតុករនៅតែបន្តសកម្មភាពប្រឆាំងតវ៉ារបស់ពួកគេដដែល បើទោះបីជាយោធាបានហាមមិនឲ្យការប្រមូលផ្តុំគ្នាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។

នៅរដ្ឋធានីណៃពិដោ ប្រជាជនមីយ៉ាន់ម៉ាម្នាក់ បានអះអាងប្រាប់ភ្នាក់ងារព័ត៌មានបារាំង AFP ថា «បន្ទាប់ពីប្រើកាណុងបាញ់ទឹក កងកម្លាំងប៉ូលិសបានបាញ់កាំភ្លើងព្រមានឡើងទៅលើ០២លើក បន្ទាប់មកពួកគេបានបាញ់គ្រាប់ជ័រទៅលើក្រុមបាតុករ ដែលបណ្តាលឲ្យមនុស្សមួយចំនួនរងរបួស»។ កម្លាំងប៉ូលិស ក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកហ្វូងក្រុមបាតុករនៅទីក្រុង ម៉ាន់ដាឡាយ (Mandalay) ដែលជាទីក្រុងធំបំផុតទី២ នៃប្រទេសមីយ៉ាន់ម៉ាផងដែរ។

គួរបញ្ជាក់ថា បាតុកម្មតវ៉ាប្រឆាំងរដ្ឋប្រហារយោធាទម្លាក់មេដឹកនាំស៉ីវិល លោកស្រី អោងសាន ស៊ូជី នៅប្រទេសមីយ៉ាន់ម៉ា បានផ្ទុះឡើងរយៈពេល០៤ថ្ងៃជាប់ៗគ្នាហើយ បើទោះបីជាមានការព្រមានបង្រ្កាបដោយកម្លាំងបាយ និងការដាក់ចេញនូវច្បាប់អាជ្ញាសឹកក៏ដោយ៕