(វ៉ាស៉ីនតោន)៖ នាវាដឹកយន្តហោះចម្បាំងអាមេរិក ០២ក្រុម បានធ្វើសមយុទ្ធរួមគ្នានៅសមុទ្រចិនខាងត្បូង នាថ្ងៃអង្គារនេះ ខណៈទីក្រុងប៉េកាំងបានថ្កោលទោសសហរដ្ឋអាមេរិកថា កំពុងព្យាយាមបំផ្លាញសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។

កងទ័ពជើងទឹកអាមេរិកបានឲ្យដឹងថា ក្រុមនាវាដឹកយន្តហោះចម្បាំង Theodore Roosevelt និង ក្រុមនាវាដឹកយន្តហោះចម្បាំង Nimitz បានធ្វើសមយុទ្ធទ្រង់ទ្រាយធំមួយ ដែលមានគោលដៅពង្រឹងសមត្ថភាពធ្វើប្រតិបត្តិការរួមគ្នា រវាងក្រុមនាវាដឹកយន្តហោះចម្បាំងទាំងពីរ។ នេះជាការធ្វើសមយុទ្ធលើកដំបូងបំផុតរបស់យោធាអាមេរិក នៅសមុទ្រចិនខាងត្បូង ដែលមានការចូលរួមពីនាវាដឹកយន្តហោះចម្បាំង ០២ក្រុម បើគិតចាប់តាំងតែពីខែកក្កដា ឆ្នាំ២០២០មក។

ដោយឡែក នៅទីក្រុងប៉េកាំងវិញ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានថ្លែងថា ការធ្វើសកម្មភាពជាញឹកញាប់នៃ នាវាយោធាក៏ដូចជាយន្តហោះយោធារបស់សហរដ្ឋអាមេរិក ចូលមកកាន់តំបន់សមុទ្រចិនខាងត្បូង គឺជាទង្វើសម្ញែងសាច់ដុំ ដែលជះផលអវិជ្ជមាន ចំពោះសន្តិភាពនិងស្ថិរភាពក្នុងតំបន់។

គួរបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុន ចិនបានថ្កោសទោសការចល័តនាវាពិឃាតអាមេរិកមួយគ្រឿងគឺ USS John S. McCain នៅក្បែរប្រជុំកោះ Paracel ដែលគ្រប់គ្រងដោយចិន នៅសមុទ្រចិនខាងត្បូងផងដែរ៕