(វ៉ាស៊ីនតោន)៖ សមាជិកសភាតំណាងរាស្ត្រអាមេរិក លោក រ៉ូន រ៉ៃត៍ (Ron Wright) បានទទួលមរណភាពហើយក្នុងវ័យ ៦៧ឆ្នាំបន្ទាប់ពីលោកបានឆ្លង COVID-19។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Ron Wright ជាសមាជិកសភាតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋ ប្រចាំរដ្ឋតិចសាស់ បានទទួលមរណភាពកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ពេលវេលានៅអាមេរិក)។ លោក Ron Wright និងភរិយាគឺលោកស្រី ស៊ូសាន (Susan) ត្រូវបានធ្វើតេស្ដវិជ្ជមាន COVID-19 កាលពីថ្ងៃទី២១ ខែមករា ហើយអ្នកទាំងពីរបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ បេយឡឺ (Baylor Hospital) ក្នុងទីក្រុងដាលឡាស (Dallas) នៃរដ្ឋតិចសាស់។

គួរបញ្ជាក់ថា លោក Ron Wright ក៏ធ្លាប់ប្រយុទ្ធតស៊ូនឹងជំងឺមហារីក អស់រយៈពេលជាច្រើនឆ្នាំថ្មីៗនេះផងដែរ ហើយលោកបានក្លាយជាសមាជិកសភាអាមេរិក កំពុងកាន់តំណែងដំបូងគេបំផុត ដែលស្លាប់ដោយសារ COVID-19។ លោក Ron Wright បានជាប់ឆ្នោតជាសមាជិកសភាតំណាងរាស្ត្រកាលពីឆ្នាំ២០១៨៕