(រ៉ង់ហ្គូន)៖ ក្រុមបាតុករប្រឆាំងរដ្ឋប្រហារយោធា និងទាមទារឲ្យដោះលែងលោកស្រី អោង សាន ស៊ូជី បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀត នៅព្រឹកថ្ងៃអង្គារ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បើទោះបីជាកាលពីម្សិលមិញ យោធាបានព្រមានប្រើប្រាស់កម្លាំងដើម្បីបង្ក្រាប និងប្រកាសប្រើច្បាប់អាជ្ញាសឹក នៅតំបន់មួយចំនួនរួចទៅហើយក៏ដោយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

នៅក្នុងសង្កាត់ សានឆង (San Chaung) នៃទីក្រុងរ៉ង់ហ្គូន ដែលជាកន្លែងក្រុមបាតុករ មិនត្រូវបានអនុញ្ញាតឲ្យធ្វើការប្រមូលផ្តុំនោះ អ្នកសារព័ត៌មានបានរាយការណ៍ថា ក្រុមគ្រូបង្រៀនបាននិងកំពុងប្រមូលផ្តុំគ្នាដើរដង្ហែរតាមផ្លូវធំ ហើយមានកាន់បដាដែលសរសេរប្រឆាំងរបបយោធា និងទាមទារឲ្យដោះលែងលោកស្រី អោង សាន ស៊ូជី ព្រមទាំងអ្នកនយោបាយផ្សេងៗទៀត ហើយពួកគេក៏បានលើកម្រាមដៃបីជាសញ្ញាផងដែរ។

គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាកាលពីថ្ងៃចន្ទម្សិលមិញនេះ បានប្រកាសដាក់ចេញច្បាប់អាជ្ញាសឹក នៅក្នុងទីក្រុង ម៉ាន់ដាឡាយ (Mandalay)។ ច្បាប់អាជ្ញាសឹកខាងលើនឹងគ្របដណ្ដប់លើក្រុងតូចៗចំនួន ០៧ នៃទីក្រុង Mandalay ដោយហាមឃាត់ប្រជាជនពីការធ្វើបាតុកម្មតវ៉ា ឬការប្រមូលផ្ដុំគ្នាចាប់ពីមនុស្ស ០៥នាក់ឡើងទៅ រួមជាមួយបម្រាមគោចរចាប់ពីម៉ោង ៨៖០០នាទីយប់ ដល់ម៉ោង ៤៖០០នាទីព្រឹក។ ការប្រកាសដាក់ចេញបម្រាមដូចគ្នា ក៏ត្រូវបានធ្វើឡើងដែរនៅក្នុងទីក្រុងមួយនៃតំបន់ អាយ៉េយ៉ាវ៉ាដឌី (Ayeyarwaddy)។

កាលពីថ្ងៃចន្ទម្សិលមិញនេះ ដែលត្រូវនឹងពេលមួយសប្តាហ៍ក្រោយការធ្វើរដ្ឋប្រហារ លោកអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា មីន អោង ហ្លេង (Min Aung Hlaing) បានធ្វើការថ្លែងទៅកាន់ប្រជាជាតិជាលើកដំបូង ដោយក្នុងនោះលោកបានសន្យារៀបចំការបោះឆ្នោត ដោយសេរីនៅពេលឆាប់ៗ ហើយអំណាចនឹងត្រូវប្រគល់ជូនបក្សដែលឈ្នះ។ ក្នុងនាមជាអ្នកកាន់អំណាចគ្រប់យ៉ាង អំឡុងការដាក់ប្រទេសក្នុងគ្រាអាសន្ន លោក Min Aung Hlaing បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលយោធាពេលនេះ ខុសគ្នាពីរដ្ឋាភិបាលយោធាមុនៗ ដោយលោកបានសង្កត់ធ្ងន់ថា រដ្ឋមន្រ្តីដ៏ស័ក្តិសមនានានឹងត្រូវបានជ្រើសរើស ហើយគោលនយោបាយការបរទេស នឹងនៅតែមិនផ្លាស់ប្តូរ ខណៈដែលប្រទេសនានានឹងត្រូវបានលើកទឹកចិត្ត ឲ្យមកវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ាដដែល ប៉ុន្តែលោកមិនបានរំលឹកអំពីលោកស្រី អោង សាន ស៊ូជី នោះទេ៕