(ញូវដេលី)៖ ក្រុមអ្នកជួយសង្គ្រោះ នៅតែបន្តស្វែងរកមនុស្សជាង ២០០នាក់ ដែលកំពុងបាត់ខ្លួននៅឡើយ នៅក្នុងតំបន់ជ្រលងភ្នំហិមាល័យរបស់ឥណ្ឌា នៅថ្ងៃចន្ទ ទី៨ ខែកុម្ភៈនេះ ដោយអ្នកខ្លះត្រួវបានគេជឿជាក់ថា កំពុងជាប់ក្នុងរូងភ្នំក្រោមដី ក្រោយហេតុការណ៍បាក់ផ្ទាំងទឹកកកដ៏សាហាវមួយ បានកើតឡើងកាលពីថ្ងៃអាទិត្យម្សិលមិញនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

អភិបាលរដ្ឋ Uttarakhand លោក Trivendra Singh Rawat មានប្រសាសន៍ថា «រហូតមកដល់ពេលនេះ មានមនុស្សប្រមាណ ២០៣នាក់កំពុងបាត់ខ្លួន ហើយចំនួននេះអាចនឹងមានការប្រែប្រួល នៅពេលដែលមានព័ត៌មានបន្ថែមអំពីប្រជាជន ដែលជាប់គាំងនៅក្នុងទឹកជំនន់ នៅតំបន់ដាច់ស្រយាល»

បើតាមការគូសបញ្ជាក់របស់អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា ភាគច្រើននៃអ្នកដែលបានបាត់ខ្លួន គឺជាបុគ្គលិកធ្វើការនៅទំនប់វារីអគ្គីសពីរកន្លែង ដែលស្ថិតក្នុងតំបន់ជ្រលងទន្លេ Dhauliganga ក្នុងរដ្ឋ Uttarakhand ស្ថិតភាគខាងជើងប្រទេសឥណ្ឌា។

គួរបញ្ជាក់ថា គ្រោះធម្មជាតិនេះ គឺបណ្តាលមកពីការបាក់ផ្ទាំងទឹកកកធំៗ នៅលើកំពូលភ្នំហិមាល័យ ដែលជាប់នឹងខ្ពស់រាបទីបេ។ ការផ្ទាំងទឹកកកនេះ បានធ្វើឲ្យកម្ទេចកម្ទីថ្ម និងភក់យ៉ាងច្រើនសន្ធឹកសន្ធាប់ ហូរធ្លាក់ចូលជ្រលងទន្លេតំបន់ក្បែរនោះ។ រហូតមកទល់ពេលនេះ មានមនុស្សចំនួន ១៩នាក់ហើយ ដែលត្រូវបានរាយការណ៍ថាស្លាប់។

កាលពីឆ្នាំ២០១៣ គ្រោះទឹកជំនន់ដែលបង្កឡើង ដោយការបាក់ផ្ទាំងទឹកកនេះធ្លាប់បានកើតឡើងម្តងរួចមកហើយ នៅតំបន់ដដែលខាងលើ។ កាលណោះ មានមនុស្សរាប់ពាន់នាក់ ស្លាប់បាត់បង់ជីវិតដោយសារគ្រោះធម្មជាតិគួរឲ្យរន្ធត់នេះ៕