(បាងកក)៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសុខាភិបាលថៃ លោក អនុធីន ឆានវីរៈគុល (Anutin Charnvirakul) នៅថ្ងៃចន្ទនេះបានប្រកាសឲ្យដឹងថា វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនផលិតឱសថចិន ស៉ីណូវ៉ាក់ (Sinovac) នឹងត្រូវដឹកជញ្ជូនមកកាន់ប្រទេសថៃនៅចន្លោះខែកុម្ភៈ និងមេសា ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។

តាមរយៈសន្និសីទកាសែតមួយ នៅឯទីស្នាក់ការកណ្តាលនៃក្រសួងសុខាភិបាលថៃ លោកឧបនាយករដ្ឋមន្ត្រីថៃខាងលើនេះ បានគូសបញ្ជាក់ថា វ៉ាក់សាំងចិនជាច្រើនដូសដំបូង នឹងត្រូវដឹកជញ្ជូនមកកាន់ប្រទេសថៃ នៅចុងខែកុម្ភៈនេះ បន្ទាប់មកនៅខែមីនា និងបន្ទាប់មកទៀតនៅខែមេសា។

លោក Anutin បានគូសបញ្ជាក់បន្ថែមថា វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Sinovac នឹងមិនត្រឹមតែត្រូវបានផ្តល់ជូន សម្រាប់ប្រជាជនថៃប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់កម្មករចំណាកស្រុកផងដែរ ដែលអ្នកទាំងនោះត្រូវបានគេចាត់ទុកថា ជាអ្នកដែលមានហានិភ័យខ្ពស់ នៃការចម្លងជំងឺនេះនៅក្នុងប្រទេស។

អគ្គនាយកផ្នែកប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់ប្រទេសថៃ លោក អូប៉ាស កាន់កាវីនផុង (Opas Kankawinphong) បានសង្កត់ធ្ងន់ថា អ្នកដែលនឹងត្រូវទទួលបានការចាក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Sinovac រួមមានប្រជាជនដែលមានហានិភ័យខ្ពស់ នៃការចម្លងជំងឺនេះ ជាពិសេសប្រជាជាជនដែលរស់នៅទីក្រុងបាងកក ខេត្តសាមុត សាខន (Samut Sakhon) និងខេត្តជិតៗនោះ ហើយក្នុងចំណោមតំបន់ទាំងអស់នោះ ត្រូវបានគេប្រកាសថា ជាតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងជាអតិបរមា។ ក្រុមបុគ្គលិកពេទ្យ, មនុស្សចាស់ជរា, អ្នកជំងឺរ៉ាំរ៉ៃ និងក្រុមពលករចំណាកស្រុក នឹងក្លាយជាក្រុមដំបូងគេ ដែលនឹងត្រូវទទួលបានការចាក់វ៉ាក់សាំងនេះ។

ជាមួយគ្នានេះដែរ វ៉ាក់សាំង COVID-19 ដែលអភិវឌ្ឍឡើងដោយ ក្រុមហ៊ុនផលិតឱសថអង់គ្លេស AstraZeneca ក៏នឹងត្រូវដឹកជញ្ជូនមកកាន់ប្រទេសថៃ នៅចុងឆ្នាំ២០២១នេះផងដែរ ដែលប្រជាជនប្រមាណ ៥លាននាក់ នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងនេះ នៅដំណាក់កាលដំបូង និងប្រជាជនប្រមាណ ១០លាននាក់ទៀត នៅដំណាក់កាលបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៣,៥៥៧ករណី ក្នុងនោះមានអ្នកស្លាប់ ៧៩នាក់ និងអ្នកជាសះស្បើយ ១៧,៤១០នាក់៕