(រ៉ង់ហ្គូន)៖ នៅថ្ងៃចន្ទនេះ ប្រជាជនមីយ៉ាន់ម៉ាបានបន្តប្រមូលផ្តុំគ្នាធ្វើបាតុកម្ម នៅតាមទីក្រុងធំៗនៃប្រទេសមីយ៉ាន់ម៉ាដដែល ជាមួយការទទូចទាមទារឲ្យយោធាដោះលែងលោកស្រី អោងសាន ស៊ូជី និងការវិលត្រលប់ទៅរកលទ្ធិប្រជាធិបតេយ្យវិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bangkok Post នៅថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២០។

នៅឯទីក្រុងរ៉ង់ហ្គូន ចំនួនមនុស្សចូលរួមបាតុកម្ម ត្រូវគេប៉ាន់ប្រមាណថា ប្រហែលជាខ្ទប់រាប់ពាន់នាក់ ខណៈការប្រមូលផ្តុំបានប្រព្រឹត្តទៅ០៣ថ្ងៃជាប់គ្នាហើយ ដោយតមកកាលពីចុងសប្តាហ៍កន្លងទៅនេះ។ ក្រុមអ្នកតវ៉ាបានស្រែកទាមទារឲ្យដោះលែងលោកស្រី ស៊ូជី និង បុគ្គលដទៃៗទៀត ដែលត្រូវបានយោធាចាប់ខ្លួន។

ចំណែកនៅទីក្រុង Mandalay ដែលជាទីក្រុងធំជាងគេលំដាប់ទី២របស់មីយ៉ាន់ម៉ា បន្ទាប់ពីរ៉ង់ហ្គូន មនុស្សរាប់ពាន់នាក់ ក៏បានប្រមូលផ្តុំគ្នាដង្ហែក្បួនតវ៉ាផងដែរ ខណៈនៅរដ្ឋធានីណៃពិដោវិញ ក៏គ្មានអ្វីខុសគ្នាឡើយ គឺប្រជាជនមីយ៉ាន់ម៉ាបាននាំគ្នាចុះផ្លូវធ្វើបាតុកម្មព្រោងព្រាត។ រីឯនៅតាមក្រុងនិងតំបន់ទីប្រជុំផ្សេងទៀត ក៏ត្រូវគេរាយការណ៍ថា មានសកម្មភាពតវ៉ាផងដែរ ប្រឆាំងនឹងរដ្ឋប្រហារយោធា។

គួរបញ្ជាក់ថា ចលនាបាតុកម្មដ៏កក្រើកនេះនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានផ្ទុះឡើងកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីយោធាមីយ៉ាន់ម៉ា បានដាក់ប្រទេសក្នុងគ្រាអាសន្នរយៈពេលមួយឆ្នាំ និងឡើងគ្រប់គ្រងអំណាច ក្រោយចាប់ខ្លួនលោកស្រី អោងសាន ស៊ូជី និងថ្នាក់ដឹកនាំមួយចំនួនទៀតរបស់រដ្ឋាភិបាលលោកស្រី ក្រោមហេតុផលថា ការបោះឆ្នោតកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ប្រព្រឹត្តទៅដោយគ្មានតម្លាភាព។ សកម្មភាពរដ្ឋប្រហារយោធា បានទទួលរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិភាគច្រើន៕

សូមទស្សនាវិដេអូនៅទីនេះ=> (ចុចមើលទីនេះ)