(វៀងច័ន្ទ)៖ វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Sinopharm ដែលជាអំណោយរបស់រដ្ឋាភិបាលចិន ទើបតែត្រូវបានដឹកទៅដល់ប្រទេសឡាវ នៅថ្ងៃចន្ទនេះ ហើយទន្ទឹមគ្នា ប្រទេសប៉េរូក៏ទទួលបានវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ចំនួន៣០០,០០០ដូស ផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។

យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនដឹកជញ្ជូនចិន YTO Express បានដឹកវ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Sinopharm ទៅដល់អាកាសយានដ្ឋានអន្តរជាតិ ក្នុងរដ្ឋធានីវៀងច័ន្ទ កាលពីវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃចន្ទនេះ។ ពាក់ព័ន្ធថាតើ វ៉ាក់សាំងដែលត្រូវបានដឹកទៅដល់ មានចំនួនប៉ុន្មានដូសនោះ គឺមិនត្រូវបានបញ្ជាក់ច្បាស់ឡើយ។

គួរបញ្ជាក់ថា សម្រាប់ប៉េរូវិញ គឺវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm ចំនួន៣សែនដូសដំបូង ត្រូវបានដឹកទៅដល់រដ្ឋធានីលីម៉ា កាលពីយប់ថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ (ពេលវេលាក្នុងតំបន់នៅប្រទេសប៉េរូ) បន្ទាប់ពីរដ្ឋាភិបាលប្រទេសអាមេរិកឡាទីនមួយនេះ បានចរចាទិញកាលពីចុងឆ្នាំមុន ហើយនៅប៉ុន្មានថ្ងៃខាងមុខនឹងទៅដល់ជាបន្តបន្ទាប់ទៀត៕