(តែលអាវីវ)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នៅថ្ងៃចន្ទនេះ នឹងត្រូវត្រលប់ទៅបង្ហាញវត្តមានក្នុងតុលាការសាជាថ្មី ដើម្បីផ្តល់ការឆ្លើយតបផ្លូវការ ជុំវិញការចោទប្រកាន់ពីបទពុករលួយ មកលើរូបលោក ខណៈការបោះឆ្នោតសកលថ្មី នឹងត្រូវរៀបចំឡើងក្នុងពេល ០៦សប្តាហ៍ទៀត។ នេះបើតាមចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។

លោក Netanyahu បានរងការចោទប្រកាន់កាលពីឆ្នាំ២០២០ ជុំវិញការសង្ស័យថា លោកបានទទួលអំណោយខុសច្បាប់ ហើយព្យាយាមធ្វើការដោះដូរ ជាមួយក្រុមមហាសេដ្ឋីផ្នែកប្រព័ន្ធផ្សាយ ដើម្បីឲ្យពួកគេផ្សាយតែអ្វីដែលវិជ្ជមាន អំពីរូបលោកតែប៉ុណ្ណោះ។ នៅក្នុងសវនាការថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល នឹងត្រូវបង្ខំឲ្យបង្ហាញខ្លួនដោយផ្ទាល់ ដើម្បីផ្តល់ការឆ្លើយតបជាផ្លូវការ ចំពោះការចោទប្រកាន់ទាំងនេះ។

គួរបញ្ជាក់ថា ចាប់ពីពេលនេះទៅ លោក Netanyahu អាចនឹងត្រូវបង្ហាញវត្តមាន ក្នុងតុលាការជាច្រើនលើកក្នុងមួយសប្តាហ៍នេះ ស្របពេលដែលលោកត្រូវធ្វើ យុទ្ធនាការឃោសនា សម្រាប់ការបោះឆ្នោតសកល ដែលត្រូវប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែមីនា ហើយវានឹងជាការបោះឆ្នោតសកលលើកទី ៤ ហើយសម្រាប់ប្រទេសអ៉ីស្រាអែល ក្នុងអំឡុងពេលមិនដល់ ០២ឆ្នាំ។ លោក Netanyahu ក៏ជានាយករដ្ឋមន្រ្តីអ៉ីស្រាអែលដំបូងបង្អស់ផងដែរ ដែលត្រូវបានចោទប្រកាន់ ពេលកំពុងកាន់អំណាច៕