(វ៉ាស៉ីនតោន)៖ អតីតរដ្ឋមន្រ្តីការបរទេសអាមេរិក លោក ចច ហ្សុលស៍ (George Shultz) ដែលបម្រើការក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីអាមេរិក លោក រ៉ូណាល់ រីហ្គេន (Ronald Reagan) ដែលលោកបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដឹកនាំសហរដ្ឋអាមេរិកចេញពីសង្គ្រាមត្រជាក់ (Cold War) បានលាចាកលោកនេះហើយ កាលពីថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ (ពេលវេលានៅអាមេរិក) ក្នុងអាយុ ១០០ឆ្នាំ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមអ្នកជំនាញនៃវិទ្យាស្ថាន ហ៊ូវើ (Hoover) បានគូសបញ្ជាក់នៅលើគេហទំព័ររបស់ខ្លួនថា លោក George P Shultz ជាជនជាតិអាមេរិកម្នាក់ ដែលបានបម្រើការនៅក្នុងមុខតំណែង ០៤ផ្សេងគ្នានៅក្នុងជួរគណៈរដ្ឋមន្រ្តី រួមមានជារដ្ឋមន្រ្តីក្រសួងការបរទេស, រដ្ឋមន្រ្តីក្រសួងរតនាគារ, រដ្ឋមន្រ្តីក្រសួងកិច្ចការ និងជាប្រធានការិយាល័យគ្រប់គ្រងថវិកាក្នុងអំឡុងរដ្ឋបាលរបស់ អតីតប្រធានាធិបតីអាមេរិក លោក រីឆាដ នីចសុន (Richard Nixon) បានស្លាប់កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងអាយុ ១០០ឆ្នាំ។

រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក លោក អាន់ថូនី ប្លីងខិន (Antony Blinken) បានពណ៌នាថា លោក Shultz គឺជា «វីរបុរស» ដែលលោកបានជួយកសាងនូវភូមិសាស្ត្រនយោបាយ ដ៏អស្ចារ្យបំផុតនៃយុគសម័យនោះ គឺការបញ្ចប់ «សង្គ្រាមត្រជាក់» ដោយសន្តិវិធី។

គួរបញ្ជាក់ថា នៅក្នុងសេតវិមានរបស់លោកអតីតប្រធានាធិបតីអាមេរិក Reagan លោក Shultz គឺជាឥស្សរជនម្នាក់ក្នុងចំណោមឥស្សរជន ដែលមានភាពចម្រូងចម្រាសតិចតួចបំផុត ហើយលោកមានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយសភា និងអ្នកសារព័ត៌មាន។ អ្វីដែលសំខាន់បំផុតនោះ គឺលោកទទួលបានការគាំទ្រដ៏រឹងមាំពីលោកប្រធានាធិបតី Reagan ដែលបានចាត់ទុកលោក Shultz ជាអ្នកការទូតកំពូលរបស់លោកអស់រយៈពេល ០៦ឆ្នាំកន្លះ៕