(រ៉ង់ហ្គូន)៖ ក្រុមប្រឆាំងរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា បានប្រកូកប្រកាសឲ្យមនុស្សម្នា ចូលរួមធ្វើបាតុកម្មឲ្យកាន់តែច្រើនឡើង នៅថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ មួយសប្តាហ៍ក្រោយទង្វើដែលអន្តរជាតិ មើលឃើញថាជារដ្ឋប្រហារយោធា បានកើតមានឡើង ដើម្បីទម្លាក់រដ្ឋាភិបាលលោក អោង សាន ស៊ូជី ចេញពីអំណាច។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters។

ក្រុមអ្នកអង្កេតស្ថានការណ៍នៅមីយ៉ាន់ម៉ាបានអះអាងថា បាតុកម្មកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ដែលបានផ្ទុះឡើង នៅប្រទេសមីយ៉ាន់ម៉ា គឺស្ថិតក្នុងទ្រង់ទ្រាយធំមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីឆ្នាំ២០០៧ ដោយកាលណោះសូម្បីតែព្រះសង្ឃ ក៏បាននិមន្តចូលរួមធ្វើបាតុកម្ម ដើម្បីផ្លាស់ប្តូររបបយោធានៅមីយ៉ាន់ម៉ាផងដែរ។

សកម្មជនម្នាក់ឈ្មោះ អេ ស៊ីនហ្សា ម៉ង (Ei Thinzar Maung) បានធ្វើការបង្ហោះនៅលើបណ្តាញសង្គម Facebook ដោយប្រើប្រាស់បណ្តាញ VPN យ៉ាងដូច្នេះថា «សូមអ្នកតវ៉ាមកពីគ្រប់ជ្រុងទាំងអស់ នៃទីក្រុងរ៉ង់ហ្គូន ចេញមកធ្វើការតវ៉ាដោយសន្តិវិធី និងចូលរួមការប្រមូលផ្តុំនៃប្រជាជនយើង»។ សម្រាប់ទីតាំងដែលត្រូវរៀបចំ ការជួបជុំទ្រង់ទ្រាយធំនៅថ្ងៃចន្ទនេះ មិនទាន់ត្រូវបានបញ្ជាក់នោះឡើយ។

គួរបញ្ជាក់ថា មិនទាន់មានមន្ត្រីរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាណាម្នាក់ ចេញមុខមកធ្វើការឆ្លើយតប ចំពោះការធ្វើបាតុកម្មកាលពីថ្ងៃអាទិត្យ និងគម្រោងធ្វើបាតុកម្មនៅថ្ងៃចន្ទនេះឡើយ។ យ៉ាងណាក៏ដោយ រថយន្តដឹកយោធាជាច្រើនគ្រឿង ត្រូវបានគេប្រទះឃើញចល័តចូលទៅក្នុងទីក្រុង រ៉ង់ហ្គូន កាលពីល្ងាចថ្ងៃអាទិត្យម្សិលមិញ៕