(ដាកា)៖ បង់ក្លាដែសបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ទូទាំងប្រទេសហើយកាលពីថ្ងៃអាទិត្យ ជាមួយវ៉ាក់សាំងផលិតរួមគ្នាដោយ សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca របស់អង់គ្លេស ដោយរំពឹងថា អាចនឹងចាក់ជូនប្រជាជនរបស់ខ្លួន ៣.៥លាននាក់ ក្នុងដំណាក់កាល ១ខែដំបូង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រទេសអាស៊ីខាងត្បូងមួយនេះ មានបំណងចាក់វ៉ាក់សាំងជូន ៨០ភាគរយ នៃប្រជាជនសរុបរបស់ខ្លួនប្រមាណ ១៧០លាននាក់ ហើយដែលមនុស្សម្នាក់តម្រូវឱ្យចាក់វ៉ាក់សាំង ២ដូស។ ទោះជាយ៉ាងណា គិតត្រឹមថ្ងៃសៅរ៍ចុងសប្ដាហ៍កន្លងទៅនេះ ប្រជាជនបង់ក្លាដែស ៣២៨,០០០នាក់ ប៉ុណ្ណោះបានចុះឈ្មោះដើម្បីចាក់វ៉ាក់សាំង។

បង់ក្លាដែសទទួលបាន វ៉ាក់សាំង COVID-19 ចំនួន ៥លានដូសដំបូងរួចហើយ ក្នុងចំណោម ៣០លានដូស នៃវ៉ាក់សាំង ខូវីសៀលដ៍ (COVISHIELD) ពីប្រទេសឥណ្ឌា ហើយប្រទេសមួយនេះក៏ទទួលបានវ៉ាក់សាំង COVISHIELD ចំនួន ០២លានដូសពីឥណ្ឌា ក្រោមរូបភាពជាដំណោយផងដែរ។ COVISHIELD គឺជាឈ្មោះវ៉ាក់សាំង ដែលគេហៅសម្គាល់លើវ៉ាក់សាំងផលិតរួមគ្នាដោយ សាកលវិទ្យាល័យ Oxford និងក្រុមហ៊ុន AstraZeneca តែផលិតនៅក្នុងរោងចក្ររបស់ប្រទេសឥណ្ឌាផ្ទាល់ ដោយទទួលបានសិទ្ធិពីអង់គ្លេស។

គួរបញ្ជាក់ថា បើតាមគេហទំព័រ worldometer បង់ក្លាដែសបច្ចុប្បន្ន មានករណីឆ្លង COVID-19 សរុបចំនួន ៥៣៨,០៦២ករណី ក្នុងនោះស្លាប់ ៨,២០៥នាក់ និងជាសះស្បើយឡើងវិញ ៤៨៣,៣៧២នាក់៕