(បាងកក)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរថៃបានប្រកាសរកឃើញអ្នកជំងឺ COVID-19 ចំនួន ២៣៧នាក់ថ្មីទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ។

លោកស្រី Panprapa Yongtrakul ដែលជាអ្នកនាំពាក្យនៃអាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃបានបញ្ជាក់ឲ្យដឹងថា ក្នុងចំណោមករណីឆ្លងថ្មីទាំង ២៣៧ករណីខាងលើ មាន ២២៥នាក់ ជាករណីឆ្លងក្នុងស្រុក ខណៈ ១២នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស។

លោកស្រី បានសង្កត់ធ្ងន់ទៀតថា មានតែខេត្តចំនួន៤ ប៉ុណ្ណោះ ដែលទទួលរាប់រ៉ងករណីឆ្លងថ្មីនៅថ្ងៃអាទិត្យនេះ។ ខេត្តទាំងបួនរួមមានដូចជា ខេត្តសមុតសាខន ខេត្តសាមុតសុងឃុម ខេត្តតាក និងទីក្រុងបាងកក។

គួរបញ្ជាក់ថា បើបូកបញ្ជូលទាំងករណីឆ្លងនៅថ្ងៃនេះ ថៃ មានករណីឆ្លង COVID-19 សរុប ២៣,៣៧១ករណី ដែលក្នុងនោះមាន ២០,៨៣០ករណីជាករណីឆ្លងក្នុងស្រុក ខណៈ ២,៥៤១ករណីទៀត ជាករណីនាំចូល។ ដោយឡែក ចំនួនអ្នកជំងឺដែលបានជាសះស្បើយឡើងវិញ មានចំនួន ១៦,៩៤២នាក់ និងស្លាប់ ៧៩នាក់៕