(បរទេស)៖ បច្ចុប្បន្នបណ្តាប្រទេសជាច្រើននៅជុំវិញពិភពលោក បាននិងកំពុងតែសស្រាក់សស្រាំជាខ្លាំង ក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ប្រឆាំងនឹងជំងឺរាតត្បាតជាសកលគឺ COVID-19 បន្ទាប់ពីវាបានផ្ទុះឡើងអស់រយៈពេលជាងមួយឆ្នាំមកហើយ។

កិច្ចប្រឹងប្រែងនេះកំពុងដំណើរទៅមុខ ជាមួយវ៉ាក់សាំងនាំមុខ ដែលអភិវឌ្ឍឡើងដោយប្រទេសធំៗមួយចំនួន ដូចជាសហរដ្ឋអាមេរិក ចិន រុស្ស៉ី និងចក្រភពអង់គ្លេស ជាដើម។ ក្នុងនោះ មានការកត់សម្គាល់ឃើញថា វ៉ាក់សាំង COVID-19 របស់ចិន ត្រូវបានគេទទួលស្គាល់ និងជឿជាក់ខ្ពស់ មិនចាញ់វ៉ាក់សាំងរបស់ប្រទេសលោកខាងលិចឡើយ ដោយប្រទេសជាបន្តបន្ទាប់ បានអនុម័តឲ្យប្រើប្រាស់។

ចិនមានវ៉ាក់សាំង COVID-19 ចំនួន០២ដែលឈានមុខគឺ វ៉ាក់សាំងរបស់ក្រុមហ៊ុន Sinopharm និងរបស់ក្រុមហ៊ុន Sinovac។ មកទល់ឥឡូវ មានប្រទេសយ៉ាងហោចចំនួន១៦ហើយ ដែលបានសម្រេចអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនចិនទាំងពីរ។ ក្នុងនោះ វ៉ាក់សាំងរបស់ Sinopharm ត្រូវបានអនុញ្ញាតឲ្យប្រើនៅ អេមីរ៉ាត់អារ៉ាប់រួម បារ៉ែន ហុងគ្រី ស៊ែរប៊ី ប៉េរូ អ៉ីរ៉ាក់ ម៉ារ៉ុក អេហ្ស៉ីប ប៉ាគីស្ថាន និងកម្ពុជា។ រីឯវ៉ាក់សាំងរបស់ Sinovac ត្រូវបានអនុញ្ញាតឲ្យប្រើនៅ ប្រេស៉ីល ឥណ្ឌូណេស៉ី តួកគី ឈីលី កូឡុំប៊ី និង អាស៊ែបៃហ្សង់។

គួរបញ្ជាក់ថា មិនតែប៉ុណ្ណោះ នៅមានប្រទេសជាច្រើនទៀត ដែលបានសម្រេចទិញវ៉ាក់សាំង COVID-19 ពីក្រុមហ៊ុនចិន ឬទទួលបានអំណោយជាវ៉ាក់សាំងពីរដ្ឋាភិបាលចិន ហើយកំពុងតែពិចារណាអនុម័តឲ្យប្រើប្រាស់វ៉ាក់សាំងទាំងនេះ នៅក្នុងប្រទេសពួកគេ៕