(ម៉ានីល)៖ គ្រោះរញ្ជួយដីមួយកម្រិត៦.៣រ៉ិចទ័រ បានវាយប្រហារចំខេត្ត ដាវ៉ាវឌែលសឺ (Davao del Sur) នៃកោះមិនដាណាវ (Mindanao) ភាគខាងត្បូងប្រទេសហ្វីលីពីន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

វិទ្យាស្ថានតាមដានសកម្មភាពបន្ទុះភ្នំភ្លើង និងរញ្ជួយដីរបស់ហ្វីលីពីន (Phivolcs) បានឲ្យដឹងថា បាតុភូតរញ្ជួយផែនដីនោះ បានកើតឡើង នៅវេលាម៉ោង ១២ ៖២២នាទីថ្ងៃត្រង់ ថ្ងៃអាទិត្យ (ម៉ោងនៅហ្វីលីពីន) នៅភាគនិរតីទីក្រុងដាវ៉ាវ (Davao) និងមានជម្រៅ១៥គីឡូម៉ែត្រក្រោមផ្ទៃដី។

គួរបញ្ជាក់ថា បើតាមការរំពឹងទុករបស់វិទ្យាស្ថាន Phivolcs គ្រោះរញ្ជួយដីនេះទំនងជានឹងបង្កការខូចខាតផ្សេងៗ ប៉ុន្តែភ្លាមៗមិនទាន់មាន សេចក្តីរាយការណ៍ពីការខូចខាត ឬមនុស្សរងគ្រោះថ្នាក់នៅឡើយទេ ខណៈអាជ្ញាធរកំពុងវាយតម្លៃស្ថានការណ៍។ ឥទ្ធិពលកម្លាំងរំញ័ររបស់វា បានជះដល់ទីក្រុងជាច្រើននៅលើកោះមិនដាណាវ៕