(ប៉ារីស)៖ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ប្រទេសបារាំងបានបន្តរាយការណ៍ពី តួលេខថយចុះនៃករណីឆ្លងថ្មីៗ ក៏ដូចជាចំនួនអ្នកជំងឺ COVID-19 ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ ខណៈវាជាសញ្ញាធូរស្រាលមួយសម្រាប់ប្រព័ន្ធសុខាភិបាលបារាំង ស្របពេលដែលវ៉ាក់សាំងរបស់ក្រុមហ៊ុនទី៣ ទើបត្រូវបានអនុម័តនិងចាប់ផ្តើមប្រើប្រាស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។

ប្រទេសបារាំងកាលពីថ្ងៃសៅរ៍ បានប្រកាសរកឃើញករណីឆ្លងថ្មីៗនៃ COVID-19 ចំនួន ២០,៥៨៦នាក់ បន្ទាប់ពីថ្ងៃសុក្របានរកឃើញ ២២,១៣៩នាក់ ខណៈប៉ុន្មានថ្ងៃចុងក្រោយនេះ គឺបានថយចុះរហូត។ ចំណែក ចំនួនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលគឺ ២៧,៣៦៨នាក់ ហើយតួលេខនេះបានបន្តថយចុះក្នុងកម្រិតគួរឲ្យកត់សម្គាល់ដូចគ្នា។

គួរបញ្ជាក់ថា យោងតាមក្រសួងសុខាភិបាលបារាំង សរុបមកទល់ពេលនេះ ប្រជាជនបារាំងកើនដល់ ១.៨៦លាននាក់ហើយ ដែលទទួល បានការចាក់វ៉ាក់សាំង COVID-19 ដូសដំបូង ហើយក្នុងនោះ២៤៧,២៦០នាក់ ក៏ទទួលបានការចាក់ដូសចុងក្រោយផងដែរ។ បារាំងទើបតែ បានប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុនទី៣ គឺរបស់ក្រុមហ៊ុន AstraZeneca បន្ទាប់ពីក្រុមហ៊ុន Pfizer/BioNTech និង Moderna៕