(ពិភពលោក)៖ នៅថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) បានបង្ហាញការគាំទ្រចំពោះសិទ្ធិនៃប្រជាជនមីយ៉ាន់ម៉ា ក្នុងការធ្វើបាតុកម្មតវ៉ាដោយសន្តិវិធី ដើម្បីសម្ដែងការជំទាស់ទៅនឹងរដ្ឋប្រហារយោធា កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ដែលបានបណ្ដេញរដ្ឋាភិបាលស៊ីវិលជាប់ឆ្នោតចេញពីអំណាច។

 

 

២៖ មន្រ្តីជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា វ៉ាក់សាំង COVID-19 របស់ចិនចំនួន ០២ កំពុងស្ថិតក្នុងដំណាក់កាលជឿនលឿននៃ ការវាយតម្លៃ ដើម្បីចុះបញ្ជីឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ (EUL) ដោយ WHO។

 

 

៣៖ កងទាហានម៉ារីនអាមេរិករាប់ពាន់នាក់ នឹងធ្វើដំណើរមកដល់ដែនដីភាគខាងជើង នៃប្រទេសអូស្ត្រាលីក្នុងរយៈពេលជាង ០៥ខែខាងមុខទៀត។

 

 

៤៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងខិន (Antony Blinken) នៅថ្ងៃសៅរ៍នេះបានប្រាប់អ្នកការទូតកំពូលចិន លោក យ៉ាង ជីឈី (Yang Jiechi) ត្រង់ៗថា ទីក្រុងវ៉ាស៊ីនតោននឹងសហការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីឱ្យទីក្រុងប៉េកាំងទទួលខុសត្រូវ សម្រាប់ការគំរាមកំហែងដល់ស្ថិរភាពនៅក្នុងតំបន់ និងឈរប្រកៀកស្មាគ្នាដើម្បីការពារសិទ្ធិមនុស្ស។

 

៥៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ មិនគួរត្រូវបានអនុញ្ញាតឱ្យទទួលបានការជូនដំណឹង ពិស្តារពីព័ត៌មានសំងាត់ណាមួយនោះទេ ខណៈការជូនដំណឹងពីព័ត៌មានសំងាត់ ដល់អតីតប្រធានាធិបតី គឺជាប្រពៃណីមួយនៅក្នុងសហរដ្ឋអាមេរិក។

 

 

៦៖ ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់បាននាំគ្នាចុះតាមដងផ្លូវ ដើម្បីធ្វើបាតុកម្មតវ៉ានៅក្នុងទីក្រុងរ៉ង់ហ្គូននៅថ្ងៃសៅរ៍នេះ ដើម្បីថ្កោលទោសរដ្ឋប្រហារ និងទាមទារឱ្យ យោធាដោះលែងលោកស្រី អោង សាន ស៊ូជី ជាបន្ទាន់ ដែលនេះជាការធ្វើបាតុកម្មលើកដំបូងបំផុត ចាប់តាំងពីទង្វើដែលអន្តរជាតិចោទថាជារដ្ឋប្រហារយោធា បានផ្ទុះឡើងកាលពីថ្ងៃចន្ទសប្ដាហ៍នេះ៕