(បាងកក)៖ នៅក្នុងរបាយការណ៍ប្រចាំថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ អាជ្ញាធរដៃបានប្រកាសរកឃើញអ្នកជំងឺ COVID-19 ចំនួន ៤៩០នាក់ថ្មីទៀត ដោយក្នុងនោះ ៤៧៩នាក់ជាករណីឆ្លងក្នុងស្រុក និង ១១នាក់ទៀតជាករណីនាំចូលពីក្រៅប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bangkok Post។

អាជ្ញាធរគ្រប់គ្រងស្ថានការណ៍ COVID-19 នៅក្នុងប្រទេសថៃបានបញ្ជាក់ឲ្យដឹងទៀតថា នៅក្នុងចំណោមករណីឆ្លងថ្មីៗក្នុងស្រុកខាងលើនេះ ៤១២ករណីត្រូវបានធ្វើតេស្តរកឃើញ នៅក្នុងសហគមន៍រស់នៅរបស់អ្នកជំងឺផ្ទាល់ និង ៦៧ករណីទៀតត្រូវបានធ្វើតេស្តរកឃើញនៅមន្ទីរពេទ្យនានា។ ខេត្តសាមុតសាខន នៅតែជាតំបន់ដែលមានករណីឆ្លងច្រើនបំផុតរហូតដល់ទៅ ៤៥០នាក់, ខណៈទីក្រុងបាងកកមាន ២៣នាក់ និង ០៦នាក់ទៀតស្ថិតនៅតាមខេត្តមួយចំនួន។

គួរបញ្ជាក់ថា ក្នុងចំណោមករណីឆ្លងថ្មីៗនៅខេត្តសាមុតសាខនខាងលើនេះ មានជនជាតិមីយ៉ាន់ម៉ារហូតដល់ទៅ ៣៩១នាក់ឯណោះ។ គិតត្រឹមថ្ងៃសៅរ៍នេះ ប្រទេសថៃមានករណីឆ្លង COVID-19 សរុប ២៣,១៣៤ករណី ក្នុងនោះមានអ្នកស្លាប់សរុប ៧៩នាក់ និងជាសះស្បើយឡើងវិញ ១៦,២៧៤នាក់៕