(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងខិន (Antony Blinken) នៅថ្ងៃសៅរ៍នេះបានប្រាប់អ្នកការទូតកំពូលចិន លោក យ៉ាង ជីឈី (Yang Jiechi) ត្រង់ៗថា ទីក្រុងវ៉ាស៊ីនតោននឹងសហការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីឱ្យទីក្រុងប៉េកាំងទទួលខុសត្រូវ សម្រាប់ការគំរាមកំហែងដល់ស្ថិរភាពនៅក្នុងតំបន់ និងឈរប្រកៀកស្មាគ្នាដើម្បីការពារសិទ្ធិមនុស្ស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន South China Morning Post នៅព្រឹកថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមសេចក្ដីថ្លែងការណ៍ខ្លីមួយ ចេញផ្សាយដោយសេតវិមាន លោក Antony Blinken បានជួបសន្ទនាគ្នាតាមទូរស័ព្ទជាមួយលោក Yang Jiechi។ លោក Yang Jiechi គឺជាសមាជិកការិយាល័យនយោបាយ នៃគណបក្សកុម្មុយនិស្ដចិន ដែលបានផ្ដល់ឱ្យលោកនូវតំណែង ខ្ពស់ជាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន។
សេចក្ដីថ្លែងការណ៍ដដែលបានគូសបញ្ជាក់ដូច្នេះថា «លោករដ្ឋមន្ត្រីការបរទេស Blinken បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកនឹងបន្តធ្វើការជាមួយសម្ព័ន្ធមិត្ត ដើម្បីប្រកៀកស្មាគ្នាការពារសិទ្ធិមនុស្ស និងតម្លៃប្រជាធិបតេយ្យ ក្នុងនោះរួមមានតំបន់ស៊ីនជាំង ទីបេ និងហុងកុង។ មិនតែប៉ុណ្ណោះ សហរដ្ឋអាមេរិកក៏នឹងដាក់សម្ពាធផងដែរ ដើម្បីឱ្យចិនចូលរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីថ្កោលទោសរដ្ឋប្រហារដោយយោធានៅមីយ៉ាន់ម៉ា ក៏ដូចជានឹងនាំចិនឱ្យមកទទួលខុសត្រូវ សម្រាប់ការបង្កអស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ជាពិសេសតំបន់ច្រកសមុទ្រតៃវ៉ាន់»

គួរបញ្ជាក់ថា ទំនាក់ទំនងបច្ចុប្បន្នរវាងចិន និងសហរដ្ឋអាមេរិកបានធ្លាក់ចុះ ដល់កម្រិតដុនដាបបំផុត មិនធ្លាប់មាននៅក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ។ នៅក្នុងការធ្វើបទបង្ហាញស្តីពីនយោបាយការបទេស កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចាត់ទុកថា «ចិនគឺជាគូប្រជែងធំបំផុត» ដោយការលើកឡើងបែបនេះ បានធ្វើឱ្យក្រុមអ្នកជំនាញមើលឃើញថា ទំនាក់ទំនងរវាងមហាយក្សសេដ្ឋកិច្ចទាំង ២ នឹងមិនមានភាពប្រសើរឡើងវិញឡើយ ក្រោមរដ្ឋបាលលោក ចូ បៃដិន៕