(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថាអតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ មិនគួរត្រូវបានអនុញ្ញាតឱ្យទទួលបានការជូនដំណឹង ពិស្តារពីព័ត៌មានសំងាត់ណាមួយនោះទេ ខណៈការជូនដំណឹងពីព័ត៌មានសំងាត់ ដល់អតីតប្រធានាធិបតី គឺជាប្រពៃណីមួយនៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ចូ បៃដិន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ CBS នៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ នៅពេលត្រូវបាន សាកសួរថាតើហេតុបានជាលោកមិនចង់ឱ្យលោក ត្រាំ ទទួលបានការជូនដំណឹងពិស្ដារពីព័ត៌មានសំងាត់ លោក បៃដិន បានឆ្លើយថាលោកមិនចង់និយាយអ្វីច្រើន ឡើយ ដោយគ្រាន់តែសង្កត់ធ្ងន់ថា លោកពិតជាមិនចង់ឱ្យលោក ត្រាំ បន្តទទួលបានព័ត៌មានសំងាត់ទេ។

លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា៖ «ខ្ញុំគ្រាន់តែគិតថា វាមិនមានភាពចាំបាច់ណាមួយដែលគាត់ (លោក ត្រាំ) ត្រូវទទួលបានព័ត៌មានសំងាត់ពិស្ដារនោះទេ។ តើវាមានតម្លៃអ្វីទៅដែលត្រូវឱ្យគាត់ទទួលបានព័ត៌មានទាំងនោះ...»

គួរបញ្ជាក់ថា ការជូនដំណឹងពីព័ត៌មានសំងាត់ពិស្ដារ ដល់អតីតប្រធានាធិបតី គឺជាប្រពៃណីមួយនៅក្នុងសហរដ្ឋអាមេរិក។ ប៉ុន្តែ ការសម្រេចថាតើត្រូវផ្ដល់ព័ត៌មាន សំងាត់ដល់អតីតប្រធានាធិបតីណាមួយ គឺជាសិទ្ធិផ្ដាច់មុខនៃរដ្ឋាភិបាលកំពុងកាន់អំណាច៕