(អ៊ីស្លាម៉ាបាដ)៖ បន្ទាប់ពីទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 របស់ក្រុមហ៊ុន Sinopharm ចំនួនកន្លះលានដូស ដែលជាអំណោយរបស់ប្រទេសចិន ប្រទេសប៉ាគីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះបានលើកឡើងថា វ៉ាក់សាំងទាំងនេះ មិនមានប្រសិទ្ធិភាពសម្រាប់មនុស្ស ដែលមានអាយុលើសពី ៦០ឆ្នាំនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានឥណ្ឌា Hindustan Times នៅយប់ថ្ងៃសុក្រ ទី០៥ ខែកម្ភៈ ឆ្នាំ២០២១។

លោក Faisal Sultan ដែលជាជំនួយការពិសេសផ្នែកសុខាភិបាល របស់នាយករដ្ឋមន្រ្តីប៉ាគីស្ថាន បានគូសបញ្ជាក់ថា បន្ទាប់ពីបានធ្វើការវិភាគជាបឋម ដោយគណៈកម្មាធិការជំនាញខាងវ៉ាក់សាំងរួចមក បានបង្ហាញថា វ៉ាក់សាំង Sinopharm មានប្រសិទ្ធភាពសម្រាប់តែ មនុស្សដែលមានអាយុចាប់ពី ១៨-៥៩ឆ្នាំប៉ុណ្ណោះ។

អ្នកជំនាញផ្នែកសុខាភិបាលរូបនេះ បានបង្កត់ធ្ងន់ថា មនុស្សដែលមានអាយុលើសពី ៦០ឆ្នាំ មិនត្រូវបានណែនាំឲ្យប្រើប្រាស់ឡើយ។

គួរបញ្ជាក់ថា ចិន បានផ្តល់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបានផលិតឡើងដោយក្រុមហ៊ុន Sinopharm ចំនួន ៥០០,០០០ដូស ជូនដល់ប្រទេសប៉ាគីស្ថាន ខណៈដែលប្រទេសមួយនេះ បានចាប់ផ្តើមកម្មវិធីចាក់នវ៉ាក់សាំងបង្ការជំងឺ COVID-19 ថ្នាក់ជាតិជូនប្រជាជនរបស់ខ្លួន កាលពីថ្ងៃពុធសប្តាហ៍នេះ ក្នុងខេត្តទាំងបួន៕