(ប៉េកាំង)៖ នៅថ្ងៃទី៤ ខែកុម្ភៈនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ ទាក់ទិននឹងសំណួររបស់ អ្នកសារព័ត៌មានស្តីពីរដ្ឋាភិបាលអូស្ត្រាលី ដាស់តឿនប្រទេសចិន អនុញ្ញាតឱ្យបុគ្គលិកអង្គការសហប្រជាជាតិ ចូលក្នុងភូមិភាគស៊ីនជាំង ដើម្បីធ្វើការស៊ើបអង្កេតដោយគ្មាន ការរឹតត្បិតចំពោះបញ្ហាសិទ្ធិមនុស្សរបស់ជនជាតិវីវូអឺ តើភាគីចិនមានការឆ្លើយតបយ៉ាងណាចំពោះរឿងនេះ?

លោក Wang Wenbin បានថ្លែងថា ភាគីចិនបានលើកឡើងសេចក្តីអញ្ជើញចំពោះឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិរួចជាស្រេច ដើម្បីអញ្ជើញលោកស្រីទៅ ទស្សនា ភូមិភាគស៊ីនជាំង ខណៈភាគីទាំងពីរកំពុងរក្សាការប្រាស្រ័យទាក់ទងអំពីរឿងនេះ។ លោក បន្ថែមថា ព្រមពេលជាមួយនេះ យើងក៏ប្រឆាំងយ៉ាងដាច់ខាតចំពោះ ប្រទេសណា ឬបុគ្គល ណាជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស ហើយក៏ប្រឆាំងមនុស្សណាឃោសនាបំប៉ោង អ្វីដែលហៅថាការស៊ើបអង្កេត ដែលសន្មត់ថាមានទោសទុកជាមុននៅភូមិភាគស៊ីនជាំងទោះតាមទម្រង់ណាក៏ដោយ។

នៅក្រោយពីព័ត៌មានក្លែងក្លាយ និងពាក្យសម្តីមួលបង្កាច់ដែលដៅចំពោះភូមិភាគស៊ីនជាំង និងដៅចំពោះប្រទេសចិន យើងតែងតែអាចរកឃើញឈ្មោះដែលធ្លាប់ស្គាល់មួយចំនួន ដូចជាកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ កម្មវិធីរាត្រីព័ត៌មាននៃស្ថានីយទូរទស្សន៍ BBC បានយកបទសម្ភាសន៍ជាមួយស្ត្រីជនជាតិវៃវូអឺម្នាក់ ដែលឈ្មោះ ហ្សៅមូយឺ ដាអ៊ូធី ។ ស្ត្រីនេះបានប្រឌិតពាក្យភូតកុហកច្រើនពេក គាត់ធ្លាប់និយាយថា ត្រូវគេចាប់ឃុំក្នុង «ជំរំអប់រំម្តងទៀត» តែតាមការពិត គាត់មិនដែលរៀនសូទ្រក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាល ណាមួយនោះទេ ។

គាត់បាននិយាយថា ធ្លាប់ត្រូវកាត់ស្បូនចោល តែការពិត គឺគាត់ធ្លាប់សម្រាលកូនចំនួនបីនាក់ ហើយក៏មិនដែលត្រូវកាត់ស្បូនចោលផងដែរ។ ស្ត្រីដែលឈ្មោះ ហ្សៅមូយឺ ដាអ៊ូធីនេះ បានក្លាយជាតារាសម្តែងនិងឧបករណ៍របស់កម្លាំងប្រឆាំងប្រទេសចិនសម្រាប់វាយប្រហារ និងលាបពណ៌លើភូមិភាគស៊ីនជំាំង៕