(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងត្បូងបានឱ្យដឹងថា ក្រុមអ្នកចរចានៃប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានរៀបចំកិច្ចប្រជុំមួយតាមប្រព័ន្ធអនឡាញ នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាគ្នាពាក់ព័ន្ធនឹងការជួយចេញថ្លៃចំណាយនានា សម្រាប់កងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង (USFK)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅល្ងាចថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។

កិច្ចចរចាជុំទី ៨ ដើម្បីឈានដល់កិច្ចព្រមព្រៀងលើកទី ១១ ស្ដីពីការជួយចេញថ្លៃចំណាយ សម្រាប់កងទ័ពអាមេរិកប្រចាំកូរ៉េខាងត្បូង ឬគេស្គាល់ថា SMA គឺជាចរចារវាងអាមេរិក និងកូរ៉េខាងត្បូង លើការជួយចេញថ្លៃចំណាយ សម្រាប់កងទ័ពអាមេរិកប្រមាណ ២៨,៥០០នាក់ ដែលកំពុងឈរជើងនៅលើទឹកដីកូរ៉េខាងត្បូង។ កិច្ចប្រជុំខាងលើត្រូវបានធ្វើឡើង ពីចំងាយតាមប្រព័ន្ធអនឡាញ ដោយសារតែបញ្ហា COVID-19 ហើយកិច្ចប្រជុំបែបនេះ គឺជាលើកដំបូងបំផុតចាប់តាំងពីលោក ចូ បៃដិន ស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក កាលពីខែមករាមក។

បើតាមក្រសួងការបរទេសកូរ៉េខាងត្បូង កិច្ចប្រជុំបានប្រព្រឹត្តទៅដោយរលូន ដោយភាគីទាំង ២ បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កា ដើម្បីដោះស្រាយការខ្វែងគំនិតគ្នា ហើយថែមទាំងបានឯកភាពគ្នា លើការសម្រេចជាចុងក្រោយ ចំពោះតម្លៃនៃការជួយចេញថ្លៃចំណាយ សម្រាប់កងទ័ពអាមេរិកឱ្យបានលឿន តាមដែលអាចធ្វើទៅបាន ព្រមទាំង ចាប់ផ្ដើមកិច្ចចរចាជុំបន្ទាប់ នៅក្នុងពេលអនាគតដ៏ខ្លីខាងមុខ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង SMA លើកទី ១០ ដែលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក សម្រេចបានកាលពីខែមីនា ឆ្នាំ២០១៩ បានអស់សុពលភាពកាលពីដំណាច់ឆ្នាំដដែល។ នៅក្រោមកិច្ចព្រមព្រៀង SMA លើកទី ១០នេះ កូរ៉េខាងត្បូងបានយល់ព្រមជួយចេញថ្លៃចំណាយ សម្រាប់កងទ័ពអាមេរិក ៩២៥លានដុល្លារ ក្នុងឆ្នាំ២០១៩ ឬកើនឡើង ៨.២ភាគរយ ធៀបទៅនឹងកាលពីឆ្នាំ២០១៨។

ទីក្រុងសេអ៊ូលបានជួយចេញថ្លៃចំណាយលើកងទ័ពអាមេរិក ដែលកំពុងឈរជើងលើទឹកដីរបស់ខ្លួន ចាប់តាំងពីឆ្នាំ១៩៩១ មកម្ល៉េះក្នុងគោលបំណងការពារកូរ៉េខាងត្បូង ពីការគំរាមកំហែង ឬវាយប្រហារណាមួយពីសំណាក់កូរ៉េខាងជើង ប៉ុន្តែកាលពីជំនាន់រដ្ឋបាលលោក ដូណាល់ ត្រាំ កូរ៉េខាងត្បូងហាក់ទទួលបានការបង្ខំ ឲ្យបង្កើនចំណាយ៕