(វ៉ាស៉ីនតោន)៖ សេតវិមាននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) បានចេញសេចក្តីថ្លែងការណ៍ថា សហរដ្ឋអាមេរិកទើបតែបានបង្ហាញក្តីបារម្ភ ជុំវិញរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា ទៅកាន់បណ្តាឯកអគ្គរដ្ឋទូត-ឯកអគ្គរាជទូត នៃក្រុមប្រទេសសមាជិកអាស៊ាន ប្រចាំនៅទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។

សេចក្តីថ្លែងការណ៍ខាងលើបានបញ្ជាក់ថា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចេក សាល់លីវិន (Jake Sullivan) បានលើកឡើងពីក្តីបារម្ភយ៉ាងជ្រាលជ្រៅ របស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជុំវិញការធ្វើរដ្ឋប្រហារយោធានៅឯប្រទេសមីយ៉ាន់ម៉ា ក្នុងកិច្ចសន្ទនាពីចម្ងាយមួយ ជាមួយក្រុមឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូត របស់បណ្តាប្រទេសអាស៊ាន កាលពីថ្ងៃពុធសប្តាហ៍នេះ (ពេលវេលានៅអាមេរិក)។

អំឡុងកិច្ចសន្ទនានោះ លោក Sullivan ក៏បានសម្តែងការពេញចិត្ត ចំពោះការយកចិត្តទុកដាក់របស់ប្រជាជាតិអាស៊ាន ជុំវិញវិបត្តិនៅមីយ៉ានម៉ាផងដែរ ហើយលោកបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃការគាំទ្រពីសហគមន៍ក្នុងតំបន់ជុំវិញបញ្ហានេះ ដើម្បី «ឆ្ពោះទៅស្តារលទ្ធិប្រជាធិបតេយ្យឡើងវិញ ឲ្យបានឆាប់នៅប្រទេសមីយ៉ាន់ម៉ា»

គួរបញ្ជាក់ថា ខាងអាស៊ានបាននិងកំពុងឃ្លាំមើលមិនដាក់ភ្នែក ចំពោះស្ថានការណ៍វិវត្តន៍នៅមីយ៉ាន់ម៉ា ដែលជាសមាជិកដ៏សំខាន់មួយរបស់ខ្លួន។ ទាក់ទងនឹងការធ្វើរដ្ឋប្រហារនេះ ប្រធានអាស៊ានបច្ចុប្បន្នគឺប្រទេសប៊្រុយណេ បានចេញមុខអំពាវនាវយ៉ាងទទូចឲ្យ ភាគីពាក់ព័ន្ធទាំងឡាយ ព្យាយាមរក្សាកិច្ចសន្ទនា ហើយស្វែងរកមធ្យោបាយផ្សះផ្សាគ្នា ដើម្បីអ្វីគ្រប់យ៉ាងត្រលប់ទៅរកភាពប្រក្រតីដូចដើមវិញ៕