(សិង្ហបុរី)៖ ប៉ូលិសសិង្ហបុរីនៅថ្ងៃសុក្រនេះ បានចេញសារព្រមានមួយ ប្រឆាំងនឹងផែនការធ្វើបាតុកម្មតវ៉ា នៅក្នុងប្រទេសរបស់ខ្លួន ដែលមានជាប់ពាក់ព័ន្ធនឹងស្ថានភាពនយោបាយបច្ចុប្បន្ន ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយរំលឹកថា ការប្រមូលផ្ដុំ ឬចូលរួមក្នុងការប្រមូលផ្ដុំណាមួយ ដោយមិនមានអនុញ្ញាតពីអាជ្ញាធរ គឺជាបទល្មើស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ប៉ូលិសសិង្ហបុរីបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ប៉ូលិសទទួលបានដំណឹង តាមរយៈការបង្ហោះសារមួយចំនួន នៅលើប្រព័ន្ធអនឡាញដោយពលករ ឬពលរដ្ឋមីយ៉ាន់ម៉ា ដែលកំពុងរស់នៅក្នុងប្រទេសសិង្ហបុរីថា ពួកគេមានគម្រោងរៀបចំបាតុកម្មតវ៉ា ដើម្បីបង្ហាញការប្រឆាំង ចំពោះស្ថានការណ៍នយោបាយបច្ចុប្បន្ន នៅក្នុងប្រទេសមីយ៉ាន់ម៉ា»

សេចក្ដីថ្លែងការណ៍ដដែលបានបន្ថែមទៀតថា ការបង្ហោះសារទាំងនោះ បាននិងកំពុងជំរុញក៏ដូចជាលើកទឹកចិត្ត ឱ្យមនុស្សចូលរួមក្នុងបាតុកម្មតវ៉ា។ ប៉ុន្តែប៉ូលិសសិង្ហបុរីបានព្រមានថា ការជួបជុំ ឬការប្រមូលផ្ដុំ នៅតាមទីសាធារណៈ ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ គឺជាទង្វើខុសច្បាប់ និងជាបទល្មើសមួយ ដែលមានចែងនៅក្រោម ច្បាប់គ្រប់គ្រងសណ្ដាប់ធ្នាប់សាធារណៈ នៃប្រទេសដីកោះមួយនេះ។

គួរបញ្ជាក់ថា ក្រោយអគ្គមេបញ្ជាការយោធានៅមីយ៉ាន់ម៉ា ឡើងកាន់អំណាចកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ បានអំពាវនាវឱ្យប្រជាជនមីយ៉ាន់ម៉ា ទាំងអស់ក្រោកឈរឡើងធ្វើបាតុកម្ម ប្រឆាំងរដ្ឋប្រហារដោយយោធា។ ជាការឆ្លើយតបនឹងការអំពាវនាវនេះ ប្រជាជនមួយចំនួនក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងនោះមានទាំងគ្រូពេទ្យបាននាំគ្នាតវ៉ា ខណៈពលករចំណាកស្រុកមីយ៉ាន់ម៉ា នៅក្នុងប្រទេសថៃ ក៏បានប្រមូលផ្ដុំគ្នាធ្វើបាតុកម្ម ប្រឆាំងនឹងអ្វីដែលអន្តរជាតិចាត់ទុកថា ជារដ្ឋប្រហារនេះផងដែរ៕