(វ៉ាស៉ីនតោន)៖ អ្នកជំនាញដ៏ល្បីឈ្មោះម្នាក់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានណែនាំថា សហរដ្ឋអាមេរិកចាំបាច់ត្រូវតែមាន ទស្សនៈសមហេតុសមផលមួយ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសចិន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។

លោក សួរ៉ាប់ ហ្គឹពតា (Surabh Gupta) អ្នកជំនាញជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាចិន-អាមេរិកដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោន បានគូសបញ្ជាក់ប្រាប់សារព័ត៌មានចិនស៉ីនហួរថា «សូមឲ្យមានការប្រកួតប្រជែងឈ្នះៗ ដែលមានន័យថា យើងត្រូវតែឈ្នះទាំងអស់គ្នា ប៉ុន្តែសូមឲ្យការប្រកួតប្រជែងនោះ ត្រូវរៀបចំឡើងដោយភាពត្រឹមត្រូវ និងភាពស្មើគ្នា»

លោក Gupta បានគូសបញ្ជាក់ប្រាប់បន្ថែមថា «ការប្រឆាំងជាមួយប្រទេសចិន នឹងមិនជួយជាផលប្រយោជន៍ដល់សហរដ្ឋអាមេរិកទេ ពីព្រោះវានឹងទាញសហរដ្ឋអាមេរិកចេញពីអ្វីដែលត្រូវធ្វើ ដើម្បីអាចប្រកួតប្រជែងជាមួយប្រទេសចិនបាន។ ឥទ្ធិពលរបស់ចិនមិនអាចគ្រប់គ្រងបានទេ។ ដូចនេះសហរដ្ឋអាមេរិកត្រូវស្វែងរកវិធី ដែលខ្លួនអាចប្រកួតប្រជែងជាមួយប្រទេសចិន នៅលើវេទិកាប្រកបដោយភាពយុត្តិធម៌មួយ និងសូម្បីតែប្រទេសចិន ក៏ត្រៀមខ្លួនរួចជាស្រេច និងមានឆន្ទៈក្នុងការធ្វើរឿងនេះផងដែរ»

បើតាមអ្នកជំនាញរូបនេះ សហរដ្ឋអាមេរិក ត្រូវតែបោះបង់ឥរិយាបថដែលថា «វាជាផ្លូវរបស់ខ្លួន ដែលខ្លួននឹងកំណត់ផ្លូវសម្រាប់អ្នកផ្សេងទៀត ឲ្យធ្វើទៅតាមច្បាប់របស់សហរដ្ឋអាមេរិក។ រឿងនេះពិតជាមិនអាចទទួលយកបានទេ។ សហរដ្ឋអាមេរិក ចាំបាច់ត្រូវផ្តល់ និងទទួលយកភាពយុត្តិធម៌នៅក្នុងការចរចា និងលទ្ធផលរបស់វា»

គួរបញ្ជាក់ថា ការលើកឡើងពីសំណាក់អ្នកជំនាញខាងលើនេះ បានកើតមានឡើងចំពេលដែលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ចូ បៃដិន កំពុងតែមានចេតនាបន្តភាពតានតឹងទាំងផ្នែកពាណិជ្ជកម្ម និងការទូតទៅលើប្រទេសចិន ខណៈពិភពលោកទាំងមូលក៏កំពុងរងវិបត្តិ COVID-19 ដែលធ្វើឲ្យសេដ្ឋកិច្ចប្រទេសនានា ជួបវិបត្តិយ៉ាងធ្ងន់ធ្ងរ៕