(យ៉ាងហ្គន)៖ ក្រសួងសុខាភិបាលមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ បានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំង COVID-19 ជូនប្រជាជនរបស់ខ្លួន នៅទូទាំងប្រទេសឡើងវិញហើយ ក្រោយមានរដ្ឋប្រហារចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៃរដ្ឋាភិបាលរបស់លោកស្រី កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃសុក្រ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។

មីយ៉ាន់ម៉ា បានចាប់ផ្ដើមចាក់វ៉ាក់សាំងជូនបុគ្គលិកសុខាភិបាលជួរមុខ និងអ្នកស្ម័គ្រចិត្ត ១០៣,១៤២នាក់់ ចាប់តាំងពីថ្ងៃទី២៧ ខែមករាមក ជាផ្នែកមួយនៃយុទ្ធនាការចាក់ វ៉ាក់សាំង នៅទូទាំប្រទេសក្នុងដំណាក់កាលដំបូង។ ក្រុមមនុស្សដែលនឹងទទួលបានការចាក់វ៉ាក់សាំង ជាអាទិតភាពនៅថ្ងៃសុក្រនេះ ក្នុងនោះរួមមាន រដ្ឋមន្ត្រី, អនុរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ព្រមទាំងមនុស្សមានវ័យចាប់ពី ៦៥ឆ្នាំឡើងទៅ។

គួរបញ្ជាក់ថា មីយ៉ាន់ម៉ា ទទួលបានវ៉ាក់សាំង Covishield ពីប្រទេសឥណ្ឌា ១.៥លានដូស និង៣០លានដូសទៀត នឹងមកដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្នុងពេលឆាប់ៗនេះ។ Covishield គឺជាឈ្មោះដែលរដ្ឋាភិបាលឥណ្ឌា ហៅសម្គាល់លើវ៉ាក់សាំងផលិតរួមគ្នាដោយក្រុមហ៊ុនអង់គ្លេស AstraZeneca និងសាកលវិទ្យាល័យ Oxford តែផលិតក្នុងប្រទេសឥណ្ឌា ។ បើតាមគេហទំព័រ worldometers បច្ចុប្បន្ន មីយ៉ាន់ម៉ា មានអ្នកឆ្លង COVID-19 ចំនួន១៤១,១០៤នាក់ ក្នុងនោះស្លាប់ ៣,១៦៣នាក់ និងជាសះស្បើយឡើងវិញ ១២៦,៨៦៩នាក់៕