(រ៉ង់ហ្គូន)៖ ក្រុមហ៊ុន Facebook នៅថ្ងៃព្រហស្បតិ៍នេះបានប្រកាសថា សេវាកម្មមួយចំនួនរបស់ខ្លួន ត្រូវបានរឹតត្បិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្មានថ្ងៃបន្ទាប់ពីមានរដ្ឋប្រហារដោយយោធា និងការចាប់ឃុំខ្លួនលោកស្រី អោង សាន ស៊ូជី និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបរបស់លោកស្រី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។

អ្នកនាំពាក្យម្នាក់របស់ក្រុមហ៊ុន Facebook បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «យើងបានដឹងថាការចូលទៅកាន់ Facebook មានការលំបាកសម្រាប់មនុស្សមួយចំនួន... ដូច្នេះយើងស្នើឱ្យអាជ្ញាធរ សម្រួលឲ្យមានការតភ្ជាប់ឡើងវិញ ដើម្បីប្រជាជននៅក្នុងប្រទេសមីយ៉ាន់ម៉ា អាចទំនាក់ទំនងជាមួយ សាច់ញ្ញាតិក្រុមគ្រួសាររបស់ពួកគេ និងទទួលបានព័ត៌មានសំខាន់ៗ»

បើតាមអង្គការ ណេតប្លក់ស៍ (NetBlocks) ដែលជំនាញខាងតាមដាន ការផ្ដាច់ប្រព័ន្ធអ៉ីនធើណិតនៅជុំវិញពិភពលោក បានបញ្ជាក់ឲ្យដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៉ិនធើណិត នៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានបង្គាប់ឱ្យបិទ (block) ឬរឹតត្បិតការចូលទៅកាន់បណ្តាញសង្គម Facebook, Instagram និង WhatsApp ជាដើមបន្ទាប់ពីមានរដ្ឋប្រហារ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ៕