(ប៉េកាំង)៖ អ្នកការទូតកំពូលម្នាក់របស់ចិន នៅថ្ងៃអង្គារនេះបានអំពាវនាវឱ្យទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន ស្ដារទំនាក់ទំនងរវាងប្រទេសទាំង ២ ឲ្យត្រឡប់ទៅរកផ្លូវប្រកបដោយលក្ខណៈស្ថាបនាវិញ តែក៏ឆ្លៀតប្រាប់ឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន ដូចជានៅទីក្រុងហុងកុង និងតំបន់ទីបេជាដើម។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃអង្គារ ទី០២ ខែកុម្ភៈ ឆ្នាំ២០២១។

លោក យ៉ាង ជីឈី (Yang Jiechi) ជានាយកគណៈកម្មាធិការមជិ្ឈមផ្នែកកិច្ចការបរទេស នៃគណបក្សកុម្មុយនិស្ដចិន បានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងឱកាសចូលរួមវេទិកាតាមប្រព័ន្ធអនឡាញមួយ រៀបចំដោយគណៈកម្មាធិការជាតិ ស្ដីពីទំនាក់ទំនងអាមេរិក-ចិន ក្នុងទីក្រុងប៉េកាំង។ លោក Yang បានគូសបញ្ជាក់យ៉ាងដូច្នេះថា «សហរដ្ឋអាមេរិកគួរតែបញ្ឈប់ការលូកលាន់កិច្ចការផ្ទៃក្នុងរបស់ចិន ដូចជានៅទីក្រុងហុងកុង, តំបន់ទីបេ, តំបន់ស៊ីនជាំង និងកិច្ចការដទៃដែលប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពដែនដីរបស់ចិន»

លោក Yang Jiechi បានបន្ថែមថា ចិនមិនដែលលូកលាន់កិច្ចការផ្ទៃក្នុងរបស់សហរដ្ឋអាមេរិកឡើយ ហើយចិនត្រៀមខ្លួនជានិច្ច ដើម្បីធ្វើការជាមួយសហរដ្ឋអាមេរិក ក្នុងការស្ដារទំនាក់ទំនងប្រទេសទាំងពីរ ឲ្យត្រឡប់ទៅរកផ្លូវប្រកបដោយលក្ខណៈស្ថាបនា ដែលមិនមែនជាជម្លោះ និងមិនមែនការប្រឈមមុខដាក់គ្នា តែឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។

គួរបញ្ជាក់ថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក បានជួបភាពប្រេះឆានឹងគ្នាយ៉ាងខ្លាំង ក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ជាពិសេពាក់ព័ន្ធនឹងសំណុំរឿងហុងកុង តៃវ៉ាន់ និងតំបន់ស៊ីនជាំង។ ទោះជាយ៉ាងណា នៅក្រោមរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងនៅតែរក្សាទុកគោលនយោបាយតឹងរ៉ឹងចំពោះចិនដដែល គ្រាន់តែខុសគ្នាត្រង់វិធីសាស្ត្រអនុវត្តតែប៉ុណ្ណោះ៕